ចុងសប្តាហ៍! នាយករដ្ឋមន្ត្រី ចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តវិធានការជំរុញវិស័យអប់រំ នៅសាលាបឋមសិក្សាអនុវត្ត

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តវិធានការជំរុញវិស័យអប់រំ (គ.វ.អ)​ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅសាលាបឋមសិក្សាអនុវត្ត ខេត្តកំពង់ឆ្នាំង ហេីយក៏ឆ្លៀតជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ អាណាព្យាបាល និងសិស្សានុសិស្ស។

គួររំលឹកបន្តិចថា ក្នុងពិធី​បញ្ចុះ​បឋម​សិលាសាង​សង់​សារ​មន្ទីរ «សម្តេច​ព្រះ​ព្រហ្ម​រតន​មុនី ពិន សែម» ​នៅ​ខេត្ត​សៀមរា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​កំណត់យក​ឆ្នាំ​ទី ២ ចុះ​តាម​មូល​ដ្ឋាន​ដោយ​ផ្ទាល់ ​ដើម្បី​ត្រួត​ពិនិត្យលើ​គោល​នយោ​បាយ​ និង​កម្មវិធី​នានា​ដែល​រដ្ឋា​ភិបាល​អាណត្តិ​ទី ៧ បាន​ដាក់​ចេញ​។ ​

សម្តេចបានបន្ថែម​ថា ​នៅ​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការ​ដឹកនាំ​ប្រទេស សម្តេចបាន​ធ្វើកិច្ចការរដ្ឋបាល ដូច​ជា​ការ​ប្រកាស​ដាក់​ចេញ​គោល​នយោ​បាយ ​ការ​ចេញ​ទៅក្រៅ​ប្រទេសដើម្បី​ធ្វើ​បដិសណ្ឋាកិច្ច និង​ចុះ​តាម​ក្រសួងស្ថាប័ន​នានា ​ដើម្បី​បូក​សរុប​ការងារ​ជាដើម​។ ​

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងទៀតថា នៅពេលសម្ដេចចុះមូលដ្ឋាន នឹងមិនជូនដំណឹងជាមុនឡើយ តែអាចប្រាប់មុន១០នាទីប៉ុណ្ណោះ។ ជាក់ស្តែង ដូចការបន្លំដើរនៅតំបន់ផាប់ស្ដ្រីតរបស់សម្តេចធិបតី ដើម្បីស្វែងយល់ពីស្ថានភាពភ្ញៀវទេសចរ​ជាក់ស្តែង​និងការពិត៕

អត្ថបទ៖ អក្ខរា