បន្ទាប់ពីបានចូលទៅស្តាប់ការបកស្រាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០០២៤ ឡើងវិញ តារាសម្តែង ឆឹម សក្កា បានយល់ច្បាស់ពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ហើយស្ងប់ចិត្ត លែងមានការព្រួយបារម្ភទាក់ទិន នឹងការបាត់បងទឹកដី ឬបាត់បង់អ្វីដែលជាប្រយោជន៍ជាតិ ជាមួយនឹងគម្រោងកិច្ចសហប្រតិបត្តិការនេះ ។
ក្នុងសំណេរនៅលើហ្វេកបុក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ តារាសម្តែង ឆឹម សក្កា បានសរសេររៀបរាប់ថា៖ “បន្ទប់ពីទទួលបានអនុសាសន៍បកស្រាយដ៏ខ្ពង់ខ្ពស់ពីសម្ដេចពុក និងបានស្ដាប់ឡើងវិញនូវការអធិប្បាយក្នុងរយៈពេលពីរម៉ោង កូនបានយល់ច្បាស់ពីបញ្ហានេះហើយពុក កូនៗបានស្ងប់ចិត្ត និងលែងមានការព្រួយបារម្ភទៀតហើយ ហើយសូមអំពាវនាវបងប្អូនយើងសូមកុំព្រួយបារម្ភទៀតអីពីបញ្ហាទាក់ទិននឹងការបាត់បងទឹកដី ឬបាត់បង់អ្វីដែលជាប្រយោជន៍ជាតិរបស់យើង គឺមិនមានទេ🙏 កូនសូមគោរពអរគុណចំពោះការលះបង់ និងមើលថែរកូនៗអស់រយៈកាលកន្លងទៅនេះ កូនសូមគោរពជូនពរពុកសូមអោយមានសុខភាពថ្លៃថ្លាដើម្បីជាម្លប់ដ៏ត្រជាប់សម្រាប់កូនៗ ដោយក្ដីគោរពពីកូន ” ។
គួររម្លឹកថា តារាសម្តែង ឆឹម សក្កា បានសរសេរលើហ្វេកបុកផ្ទាល់ខ្លួន បង្ហាញកី្ពព្រួយបារម្ភ លើកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ក្រោយមានការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចមកលើរដ្ឋាភិបាល ថាជាការកាត់ទឹកដី ៤ខេត្ត នៅភាគឦសាន មានខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ ឲ្យទៅប្រទេសវៀតណាម។
ជាមួយនឹងក្តី បារម្ភនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលខមិន(comment) នៅក្នុងសំណេររបស់ តារាសម្តែង ឆឹម សក្កា ផងដែរ។ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទឹកដីកម្ពុជាមិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ នោះទេ។ ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ ប្រជាជនកម្ពុជា ក៏មិនអាចចូលទៅវៀតណាម ឡាវ ដោយគ្មានការអនុញ្ញាតិ ឯប្រជាជនវៀតណាម និងឡាវ ក៏មិនអាចចូលមកប្រទេសកម្ពុជាដោយគ្មានការអនុញ្ញាតិ។ កិច្ចសហការគឺប្រមូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន ដឹកជញ្ជូន សន្តិសុខ។
ក្នុងសំណេររបស់សម្តេចតេជោ ក៏បានរំលេចថា” បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់របស់ពុកកូននិងកាន់តែយល់។ ពុកទើបត្រឡប់មកពីវៀតណាមល្ងាចមិញនេះ(26/7/2024)ដែលម្សឹលមិញនេះពុកចរចាជាមួយថ្នាក់ដឹកនាំវៀតណាមសុំឲ្យភាគីវៀតណាមបន្ថែមការលក់ភ្លើងឲ្យយើងដោយដំឡើងពី២៥០ មេហ្រ្គាវ៉ាត់ដល់៤០០មេហ្រ្គាវ៉ាត់ដែលភាគីវៀតណាមយល់ព្រម។ យើងផលិតភ្លើងមិនទាន់គ្រប់ឯឡាវផ្គត់ផ្គង់ឲ្យយើងមិនទាន់តាមកិច្ចសន្យា។ ការខិតខំរកទីផ្សាឲ្យប្រជាជនយើងកាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឲ្យបានល្អជាមួយប្រទេសជិតខាងពិសេស តំបន់ភូមិភាគឥសាន្តរបស់យើងដែលខ្វះផ្លូវដឹកជញ្ជូនខ្វះអគ្គីសនីនិងខ្វះទីផ្សា។ ២៥ឆ្នាំកន្លងមកហើយតើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេគឺអត់ទេតែយើងបានបោះបង្គោលព្រំដែលដល់មុំ៣កម្ពុជា ឡាវ វៀតណាម ថែមទៀតផង។ ពុកទទួលយកការកង្វល់និងការព្រួយបារម្មណ៍របស់កូននិងប្រជាជនយើងដោយសារកត្តាប្រវត្តិសាស្រ្តទើបប្រឹងប្រែងបោះបង្គោលព្រំដែនឲ្យរឹងមាំជាមួយប្រទេសជិតខាងដើរទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។”
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅក្នុងឆ្នាំ១៩៩៩ ក្នុងគោលបំណងជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ៕ អត្ថបទ៖ ពុទ្ធិកា