កងទ័ពកម្ពុជា-ហ្វីលីពីន រំពឹងថា​ការ​ហ្វឹកហ្វឺនរួមគ្នា​នឹងជំរុញទំនាក់ទំនងក្នុង​​​វិស័យការពារ​ជាតិ​​កាន់តែរឹងមាំ

កងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន បានបិទបញ្ចប់វគ្គហ្វឹកហ្វឺនរួមគ្នា ជំនាញស្រាវជ្រាវដាន និងជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងប្រឆាំងភេរវកម្ម លើកទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម ឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជា​ការ​កងទ័ពជើងគោកហ្វីលីពីន ព្រមទាំងវត្តមានរបស់លោកជំទាវ FLERIDA ANN CAMILLE P.MAYO ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា។

ពិធីបិទវគ្គហ្វឹកហ្វឺនរួមគ្នានេះ ក៏មានការសម្តែងបញ្ចប់វគ្គរួមគ្នា ហៅថាប្រតិបត្តិការគោព្រៃ នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ កងពលតូចលេខ៧០ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ROY M. GALIDO មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានថ្លែងថា វគ្គហ្វឹកហ្វឺនរួមគ្នានេះ នឹងជួយជំរុញឲ្យទំនាក់ទំនងរវាងហ្វីលីពីន-កម្ពុជា កាន់តែរឹងមាំស៊ីជម្រៅបន្ថែមទៀត ជាពិសេសវិស័យការពារជាតិ នៃប្រទេសទាំងពីរ ហើយ ឯកឧត្តម បានចាត់ទុកថាវគ្គហ្វឹកហ្វឺនរួមគ្នាជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការសម្តែងបញ្ជប់វគ្គរួមគ្នា ប្រតិបត្តិការគោព្រៃ គឺជាសមិទ្ធផលថ្មី នៃការពង្រឹងពង្រីកចំណងសាមគ្គីមិត្តភាពកិច្ចសហប្រតិបត្តិការ រវាងកងទ័ពប្រទេសទាំងពីរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានថ្លែងថា កងយោធពលខេមរភូមិន្ទ មានមោទនភាពជាទីបំផុត ដែលបានរៀបចំវគ្គហ្វឹកហ្វឺនរួមគ្នា ជំនាញស្រាវជ្រាវដាន ជំនាញប្រយុទ្ធក្នុងទីប្រជុំជន និងការសម្តែងបញ្ជប់វគ្គរួមគ្នា ប្រតិបត្តិការគោព្រៃ លើកទី១ ឆ្នាំ២០២៤ នៅពេលនេះ ដែលបានធ្វើឲ្យកងទ័ពជើងគោកប្រទេសទាំងពីរ ទទួលបានការផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត រួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចិរភាពក្នុងតំបន់ និងសកលលោក។

ឯកឧត្តម ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រវាងកងទ័ពទាំងពីរ ហើយប្រតិបត្តិការគោព្រៃ រវាងកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន មិនត្រឹមតែបានបង្ហាញអំពីកិច្ចការទូតយោធានោះទេ ប៉ុន្តែក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះការថែរក្សា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៃប្រទេសជាតិទាំងពីរ កម្ពុជា-ហ្វីលីពីន៕ អត្ថបទ៖ ពុទ្ធិកា