អគារសិក្សា ១ខ្នង កម្ពស់ ៤ជាន់ ស្មើនឹង ៣២បន្ទប់ រួមនឹងទីចាត់ការ ១ខ្នង មាន៣បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ផ្តល់ជូនវិទ្យាល័យព្រៃព្នៅ ស្ថិតក្នុងស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានអញ្ជើញបញ្ចុះឋមសិលាសាងសង់នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ។
សមិទ្ធផលថ្មីនៅក្នុងបរិវេណវិទ្យាល័យព្រៃព្នៅនេះ គឺជាចំណងដៃថ្មី និងជាប្រវត្តិសាស្រ្តរបស់ស្រុកពារាំង ដែលសម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនតាមសំណូមពររបស់យុវសិស្ស សាយ ស៊ីណា បន្ទាប់ពីបានច្រៀងបទ “ស្ពានសាងស្នេហ៍”ក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម និងធ្វើឱ្យសម្តេចទាំងទ្វេពេញចិត្តចំពោះអត្ថន័យនិងទឹកដមសម្លេងដ៏ពិរោះ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភអគារសិក្សា និងទីចាត់ការនៅវិទ្យាល័យព្រៃព្នៅ ជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ អាណិតស្រលាញ់ ដែលសម្តេចទាំងទ្វេតែងមានចំពោះប្រជាពលរដ្ឋទូទៅ។
ជាមួយគ្នានេះ ឯកឧត្តម ចាត់ទុកថា សម្តេចតេជោ ហ៊ុន សែន ជាវីរបុរសស្នេហាជាតិ ជាអគ្គមគ្គុទ្ទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍជាតិកម្ពុជា ជាអ្នកធានាការពារអធិបតេយ្យជាតិ បូរណភាពទឹកដីយ៉ាងរឹងមាំ សង្គ្រោះនិងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងកាន់តែផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋខ្មែរឱ្យរស់នៅក្នុងសង្គមដែលមានភាពសុខដុមរមនា និងទទួលបានមនុញ្ញផលនៃសន្តិភាព។
ឯកឧត្តម បានអំពាវនាវឲ្យប្រជាពលរដ្ឋ រួមសាមគ្គីគ្នាជាធ្លុងមួយការពារឱ្យបានរឹងមាំសន្តិភាព និងមានទំនុកចិត្តយ៉ាងមុតមាំដល់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារសន្តិភាព ដើម្បីផ្តល់ឱកាសកាន់តែច្រើនដល់ប្រជាពលរដ្ឋ ឱ្យប្រកបដោយស្នាមញញឹម ក្តីសង្ឃឹម និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់៕
អត្ថបទ៖ ពុទ្ធិកា