សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសមន្រ្តីគណបក្សភ្លើងទៀន៣នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំស្មើៗគ្នា និងតម្រូវឲ្យបង់ប្រាក់៥លានរៀលក្នុងម្នាក់ៗ ចូលទៅរដ្ឋនៅម៉ោង២រសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។
មន្រ្តីគណបក្សភ្លើងទៀនទាំង៣នាក់នោះ គឺលោក តូច ថឹង ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រចាំខេត្តកំពង់ចាម លោក ខឿន វីរ៉ាត់ ប្រធានចលនាយុវជនថ្នាក់ជាតិរបស់គណបក្ស និងជាអនុប្រធានក្រុមការងារគណបក្សប្រចាំខេត្តស្វាយរៀង និងអ្នកស្រី នូ សុទ្ធារី អនុប្រធានចលនាស្រ្តីរបស់គណបក្ស។
សូមបញ្ជាក់ថា អ្នកទាំង៣ ពីមុន ធ្លាប់រួមគ្នាជាមួយលោក សៀម ភ្លុក ក្នុងការបង្កើតគណបក្សបេះដូងជាតិ។ ប៉ុន្តែ ក្រសួងមហាផ្ទៃ រកឃើញថា ពួកគេ បានក្លែងបន្លំស្នាមមេដៃ ដើម្បីប្រើប្រាស់សម្រាប់បង្កើតគណបក្សនេះ។ ដោយសាររកឃើញថា ស្នាមមេដៃទាំងនោះ ជាស្នាមមេដៃក្លែងក្លាយ ក្រសួងមហាផ្ទៃ សម្រេចមិនចុះឈ្មោះគណបក្សនេះ ចូលទៅក្នុងបញ្ជីគណបក្សនយោបាយឡើយ។ ជាមួយគ្នានោះលោក សៀម ភ្លុក ត្រូវចាប់ខ្លួនយកទៅឃុំតាំងពីខែមេសា ឆ្នាំ២០២២មកម្ល៉េះ ហើយត្រូវបាន សាលក្រមរបស់ដំបូងរាជធានីភ្នំពេញ កំណត់ដាក់ទោសលោក សៀម ភ្លុក ឲ្យជាប់ឃុំរយៈពេល២ឆ្នាំ៩ខែ និងត្រូវបង់ប្រាក់៥លានរៀលចូលទៅរដ្ឋ៕