សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធសព ឯកឧត្ដម ង្វៀន ហ៊្វូចុង នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៤ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្ដម ង្វៀន ហ៊្វូចុង Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា ។

ក្នុងឳកាសអញ្ជើញដាក់អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពនេះ  សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុតជាមួយរដ្ឋ និងប្រជាជនវៀតណាម ជាពិសេសជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងសាររំលែក​រមណទុក្ខដ៏ក្រៀមក្រំ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានចាត់ទុក ឯកឧត្ដមអគ្គលេខាធិការ ង្វៀន ហ៊្វូចុង ជាមេដឹកនាំ​ដ៏សំខាន់មួយរូប ដែលបានលះបង់ពេញមួយជីវិតក្នុងបុព្វហេតុសុខុមាលភាព និងវិបុលភាព​របស់ប្រជាជនវៀត​ណាម ក៏ដូចជាការពង្រឹកទំនាក់ទំនងប្រកបដោយភាតរភាពដ៏ជ្រាលជ្រៅ រវាងព្រះរាជាណាចក្រ​កម្ពុជា និង​សាធារ ណរដ្ឋសង្គមនិយមវៀតណាម។

គួរបញ្ជាក់ថា ឯកឧត្ដម ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដ វៀត​ណាម ដែលមានអាយុ៨០ឆ្នាំ បានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ ប្រទេសវៀត​ណាម ដោយរោគាពាធ។

អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម  ឯកឧត្ដម ង្វៀន ហ៊្វូចុង Nguyen Phu Trong បានកាន់​តំណែងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ចាប់តាំងពីឆ្នាំ២០១១ ៕ អត្ថបទ៖ ពុទ្ធិកា