សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងបំពេញបេសកម្មការងារនៅប្រទេសវៀតណាម។ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីវៀតណាម ឯកឧត្តម ផាម មិញជិញ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបនោះ ភាគីទាំងពីរ បានជូនពរគ្នាទៅវិញទៅមក ចំពោះការធ្វើយ៉ាងណាឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់ មានការកើនឡើង ជាពិសេស វៀតណាម នៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ហើយក៏ជូនពរឱ្យក្លាយទៅជាប្រទេសដែលចូលទៅក្នុងកម្រិតមហាសេដ្ឋកិច្ចទាំង២០ របស់ពិភពលោក។ វៀតណាម ក៏បានជូនពរឱ្យកម្ពុជា ទទួលបានជោគជ័យចំពោះទស្សនៈវិស័យរបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ដោយជូនពរគ្នាទៅវិញទៅមក នូវទំនុកចិត្ត គឺជាការលះបង់ និងការសាមគ្គីគ្នាគ្រប់ដំណាក់កាល ដើម្បីដណ្ដើមយកឯករាជ្យភាពក្នុងប្រវត្តិសាស្ត្រពីអតីតកាល ទាំងពីរអាណានិគមនិយម និងចក្រព័ទ្ធនិយម , ដូច្នេះហើយភាគីទាំងពីរ នឹងបន្តពូនជ្រុំ នូវមិត្តភាពនេះ ឲ្យបានយូរអង្វែងបន្តទៀត ជាពិសេស ថ្នាក់នាយករដ្ឋមន្ត្រី តែងតែជួបគ្នាគ្រប់ពេលវេលា ទាំងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទាំងឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ និងឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅគ្រប់ទីតាំង និងគ្រប់វេទិកា ។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកស្ទួយ និងលើកកម្ពស់ ចំពោះការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ការតភ្ជាប់ខឿនសេដ្ឋកិច្ច ដើម្បីឯករាជ្យ ម្ចាស់ការ ធ្វើឱ្យមានការបំពេញឲ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ព្រោះអ្វីៗទាំងអស់ នៃការរីកចម្រើន គឺជាផលប្រយោជន៍របស់កម្ពុជា និងការបំពេញឲ្យគ្នាទៅវិញទៅមក នៃការតភ្ជាប់នូវទីផ្សារទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ។
ភាគីទាំងពីរ ក៏បានយល់ស្របចំពោះសំណើ នៃការគិតគូរ ក្នុងការយកប្រជាជនជាស្នូល ហើយជាពិសេស គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអគ្គិសនី ដោយខាងភាគីមិត្តវៀតណាម ទទួលយកសំណើររបស់សម្ដេចតេជោ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត ហើយភាគីវៀតណាម គឺពេញចិត្តក្នុងការផ្គត់ផ្គង់ឱ្យបានលើសនឹងបន្ថែមទៀត ហើយបើសិនជាអាច គឺភាគីវៀតណាម បើកទូលាយដល់ ៤០០មេហ្គាវ៉ាត់ ឬក៏លើស ៤០០មេហ្គាវ៉ាត់ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យរីកចម្រើននៅក្នុងឧស្សាហកម្ម 4.0 ។
ភាគីទាំងពីរ ក៏បានផ្ដល់តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងគណបក្សទាំងពីរ ក៏ដូចជារាជរដ្ឋាភិបាល បានបង្ករឲ្យមានលក្ខណៈនៃការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរយុវជន ដើម្បីស្គាល់គ្នា ទុកចិត្តគ្នា និងធ្វើការដឹកនាំប្រកបដោយសុឆន្ទៈ ក្នុងន័យមិត្តភាពយូរអង្វែង ដូច្នេះហើយភាគីទាំងពីរ ក៏នៅតែចង់ចាំបំភ្លេចចំពោះគុណនូបក្ការៈរបស់ឯកឧត្តម ង្វៀន ហ្វូជុង ដែលបន្តពូនជ្រុំនូវការកសាងធនធានមនុស្សសម្រាប់គ្រប់ជំនាន់តទៅ ដើម្បីកិច្ចសហប្រតិបត្តិការ កម្ពុជា វៀតណាម ឡាវ ឲ្យបានឋិតថេរ និងគង់វង្សយូរអង្វែង៕