គណៈកម្មការនានានៃរដ្ឋសភា បានបំពេញការងារតាមតួនាទី និងភារកិច្ចដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងបទដ្ឋានគតិយុត្ត ដែលមានលទ្ធផលដូចតទៅ៖ ១-គណៈកម្មការ បានប្រជុំផ្ទៃក្នុងចំនួន ១៥លើក។ ២-គណៈកម្មការ បានប្រជុំពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់។ និង៣-គណៈកម្មការ បានចុះបំពេញបេសកកម្ម ចំនួន ១១លើកដើម្បីស្វែងយល់អំពីវិស័យទទួលខុសត្រូវ របស់គណៈកម្មការ រួមមាន ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តស្វាយរៀង ខេត្តកំពត និងខេត្តកែប។ នេះបើតាមការឲ្យដឹងក្នុងលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព សម្តេចមរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
អនុលោមតាមរដ្ឋធម្មនុញ្ញ មាត្រា៨៣ កថាខណ្ឌទី២ វាក្យខណ្ឌទី១ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រការ១ វាក្យខណ្ឌទី២ ដែលចែងថា៖ «សម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិច បីខែ»។ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ បានចាប់ផ្ដើមដំណើរការនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ មកដល់ថៃ្ងទី២៥ ខែកក្កដា ឆ្នាំ២០២៤ មានរយៈពេលលើស ៣ខែ។
សេចក្តីប្រកាសលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ បានឲ្យដឹងទៀតថា គណៈកម្មការនានានៃរដ្ឋសភា បានទទួលពាក្យបណ្តឹង សំណូមពរ និងសំណើផ្សេងៗពីប្រជាពលរដ្ឋសរុបចំនួន ២៥រឿង បានចាត់ការពាក្យបណ្តឹង សំណូមពរ និងសំណើផ្សេងៗ តាមនីតិវិធីច្បាប់ដោយបានធ្វើលិខិតអន្តរាគមន៍បញ្ចូនទៅក្រសួងស្ថាប័ន មានសមត្ថកិច្ចធ្វើការដោះស្រាយ ចំនួន ៦រឿង និងកំពុងពិនិត្យសិក្សាចំនួន ១៩ រឿង ព្រមទាំងបានទទួល លិខិតឆ្លើយតបអំពីលទ្ធផលដោះស្រាយរបស់ក្រសួងស្ថាប័នមានសមត្ថកិច្ចចំនួន ២រឿង៕
អត្ថបទ៖ អក្ខរា