លោក សាម អុីន សហស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រកាសចាកចេញពីតួនាទីប្រធានគណៈកម្មាធិការនាយក(ស្តីទី) និងពីសមាជិកភាព គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាផ្លូវការ ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
លើទំព័រហ្វេសប៊ុកនារសៀលថ្ងៃអាទិត្យ ទី២ ខែមេសានេះ លោក សាម អុីន បានបញ្ជាក់ថា ក្រោយពីការវាយតម្លៃស្ថានការណ៍គ្រប់ជ្រុងជ្រោយ និងសួរបេះដូងរបស់លោកជាច្រើនដង លោកបានសម្រេចចិត្តលាឈប់ពីតួនាទីប្រធានគណៈកម្មាធិការនាយក(ស្តីទី) និងពីសមាជិកភាព គណបក្សប្រជាធិបតេយ្យមូលដ្ឋានជាផ្លូវការ។
យ៉ាងណា ការសម្រេចចិត្តដើរចេញនៅពេលនេះ លោកមិនទាន់បង្ហាញឲ្យដឹងនៅឡើយ ថាលោកនឹងចុះចូលជាមួយគណបក្សដទៃមួយណានោះ ប៉ុន្តែការប្រកាសនេះគឺរំលងប៉ុន្មានប៉ុណ្ណោះ ដែលសមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានចំនួន ២រូប បានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច គឺប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ និងអ្នកនាំពាក្យគណបក្សនេះ គឺលោក ឡឹក សុធារ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបំណងដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម។
ក្រោយមកលោកទាំងពីរទទួលបានដំណែងនៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាមបំណង ក្នុងអាណត្តិរបស់រដ្ឋមន្រ្តី ឌិត ទីណា៕