ក្នុងសំណេរនៅលើហ្វេកបុក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលមិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ នៅក្នុងខេត្តកំពត និងខេត្តកែបនោះទេ លើកលែងតែតំបន់ដែលធ្លាប់បានផ្ដល់គោលការណ៍អនុញ្ញាតរួចហើយ ដូចជានៅតំបន់ភ្នំបូកគោ និងនៅតំបន់ច្រកព្រំដែនព្រែកចាក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរថា ៖ ដោយយសារនៅមានសំណួរពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីថារាជរដ្ឋាភិបាលមិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ នៅក្នុងខេត្តកំពត និងខេត្តកែបទេ លើកលែងតែតំបន់ដែលធ្លាប់ផ្ដល់គោលការណ៍អនុញ្ញាតរួចហើយ គឺនៅតំបន់ភ្នំបូកគោ និងនៅតំបន់ច្រកព្រំដែនព្រែកចាក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កាលពីថ្ងៃទី ៦ មិថុនា ២០២៤ ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែទឹកជ្រៅនៅខេត្តកំពត សម្តេចបានបញ្ជាក់ម្ដងរួចហើយពាក់ព័ន្ធនិងគោលការណ៍នៃការផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូនៅខេត្តកំពត និងខេត្តកែប។ ដោយឡែក រាជរដ្ឋាភិបាល ក៏បានចេញសេចក្តីសម្រេចស្ដីពីការកំណត់ទីតាំងនៃតំបន់ហាមឃាត់សម្រាប់ប្រតិបត្តិការកាស៊ីណូ ដែលបញ្ជាក់ច្បាស់ពីគោលការណ៏ផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការកំណត់ទីតាំងនៃតំបន់ហាមឃាត់សម្រាប់ប្រតិបត្តិការកាស៊ីណូ ។ ក្នុងនោះ បានកំណត់ខេត្តកែប និងខេត្តកំពត ជាតំបន់ហាមឃាត់សម្រាប់ប្រតិបត្តិការកាស៊ីណូនៅក្នុងកម្ពុជា លើកលែងតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក។
ការកំណត់នេះ ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឱ្យកាន់តែសម្បូរបែបផ្សេងទៀត លើផ្នែកសណ្ឋាគារនិងបដិសណ្ឋារកិច្ចសម្រាប់ការបម្រើវិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងដើម្បីពង្រឹង លើកកម្ពស់ និងអភិរក្សវប្បធម៌ និងសាសនា ក៏ដូចជាធានាបានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរនៅក្នុងតំបន់គោលដៅទេសចរណ៍ ៕ អត្ថបទ៖ ពុទ្ធិកា