ការសម្រេចចិត្តនៅក្នុងការស្ថាបនាព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ គឺជារបត់នៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន ក៏ដូចជាផ្ទាំងសម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ដែលនាំមកនូវសក្តានុពលរបស់កម្ពុជាឈានទៅរកផ្លាស់ប្តូរការធ្វើពាណិជ្ជកម្ម និងការដឹកជញ្ជូនក្នុងតំបន់ឱ្យកាន់តែឯករាជ្យ។
មកដល់ពេលនេះ ចរិកលក្ខណៈ និងគោលបំណងនៃការកសាងព្រែកជីកហ្វូណនតេជោនេះឡើង វាជាទស្សនវិស័យដែលថ្នាក់ដឹកនាំកម្ពុជាបានផ្តួចផ្តើមឡើង ដើម្បីកសាង និងពង្រឹងឧត្តមភាពរបស់កម្ពុជា ពីព្រោះមកដល់ពេលនេះប្រព័ន្ធផ្លូវទឹកដែលមាននៅកម្ពុជា ដែលមានប្រវែងសរុបប្រមាណជា ១ ៧៥០គីឡូម៉ែត្រ គឺអាចត្រឹមតែតភ្ជាប់ផ្លូវដឹកជញ្ជូនត្រឹមទន្លេសំខាន់ៗបី គឺ ទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ប៉ុណ្ណោះ ប៉ុន្តែការតភ្ជាប់សមុទ្រគឺគ្មានឡើយ។ ពីមុន នៅពេលដែលនាវាកម្ពុជាចង់ចេញទៅសមុទ្រ គឺទាល់តែចេញតាមវៀតណាម។
នៅលើពិភពលោក មានព្រែកជីកជាច្រើនត្រូវបានគេកសាង នៅក្នុងនោះព្រែកជីកដ៏សំខាន់ ហើយល្បីល្បាញ មានដូចជា ព្រែកជីកស៊ុយអេ និងព្រែកជីកប៉ាណាម៉ាជាដើម។ ព្រែកជីកស៊ុយអេត្រូវបានបើកដំណើរការនៅឆ្នាំ១៨៦៩ ជាសក្ខីភាពនៃភាពប៉ិនប្រសប់របស់មនុស្សជាតិ ដោយត្រូវកសាងឡើងភ្ជាប់សមុទ្រមេឌីទែរ៉ាណេ ទៅសមុទ្រក្រហម។ ការកសាងព្រែកជីកនេះបានកាត់បន្ថយរយៈពេលនៃការធ្វើដំណើរតាមសមុទ្ររវាងអឺរ៉ុប និងអាស៊ី។ ព្រែកជីកនេះគឺជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិ ដែលគ្រប់គ្រងប្រហែល ១២ភាគរយនៃចរន្តពាណិជ្ជកម្មពិភពលោក និងបង្កើតប្រាក់ចំណូលយ៉ាងច្រើនសម្រាប់អេហ្ស៊ីប និងប្រទេសពាក់ព័ន្ធ។
សម្រាប់ព្រែកជីកដ៏ល្បីល្បាញមួយទៀតគឺ ព្រែកជីកប៉ាណាម៉ា ដែលបានបញ្ចប់ការស្ថាបនានៅឆ្នាំ១៩១៤ គឺជាវិស្វកម្មមួយផ្សេងទៀតដែលបានធ្វើបដិវត្តការដឹកជញ្ជូនទូទាំងពិភពលោក។ វាគឺជាព្រែកជីក ដែលតភ្ជាប់មហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក វាកាត់បន្ថយពេលវេលាធ្វើដំណើរសម្រាប់កប៉ាល់យ៉ាងច្រើន ជំរុញកំណើនសេដ្ឋកិច្ចរបស់អាមេរិក ហើយនៅឆ្នាំ២០១៦ ព្រែកជីកនេះក៏ត្រូវបានពង្រីកបន្ថែម ដើម្បីបើកផ្លូវនាវាចរណ៍ធុនធ្ងន់។ ព្រែកជីកនេះមានសារៈប្រយោជន៍ក្នុងការគាំទ្រដល់សេដ្ឋកិច្ចនៃទ្វីបអាមេរិក ដោយសហរដ្ឋអាមេរិកគឺជាអ្នកទទួលផលចម្បងមួយ។
ផ្អែកតាមមូលដ្ឋានខាងលើ ព្រែកជីកទាំងពីរ បានដើរតួយ៉ាងសំខាន់នៅក្នុងចរន្តពាណិជ្ជកម្មសមុទ្រពិភពលោក ហើយការសម្រេចចិត្តកសាងព្រែកជីកទាំងពីរនេះ គឺបានធ្វើ និងដាក់ឱ្យប្រតិបត្តិការអស់រយៈពេលប្រមាណជាជាងមួយសតវត្សមកហើយ ដូច្នេះការកសាងព្រែកជីកហ្វូណនតេជោ ក៏ជាមហិច្ឆិតាមួយ ដែលកម្ពុជាដាក់ចេញ ដើម្បីជំរុញសក្តានុពលសេដ្ឋកិច្ចដែរ គ្រាន់តែសំខាន់សម្រាប់ផ្ទៃក្នុងនៅកម្ពុជា ជាងប៉ុណ្ណោះ។
គម្រោងកសាងព្រែកជីកហ្វូណនតេជោ ថ្វីត្បិតតែវាគឺជាគម្រោងថ្មី ប៉ុន្តែភាគច្រើននៃទីតាំងដែលត្រូវកសាង ព្រែកជីកនេះ ចម្ងាយ១៨០ គីឡូម៉ែត្រ គឺស្ថិតនៅលើដាននៃព្រែក និងបណ្តាញផ្លូវទឹកចាស់ៗដែលបន្សល់ទុកតាំងពីសម័យបុរាណ ដោយគ្រាន់តែរាជរដ្ឋាភិបាល និងដៃគូវិនិយោគចាប់ដៃគ្នា ដាក់ទុនប្រមាណ ១ ៧០០ លានដុល្លារអាម៉េរិក ដើម្បីស្តារផ្លូវទឹកទាំងនោះ និងកសាងបណ្តាញប្រតិបត្តិការយ៉ាងទំនើបដើម្បីបម្រើការដឹកជញ្ជូនផ្លូវតភ្ជាប់ពីទន្លេមេគង្គប៉ុណ្ណោះ។
ផ្អែកតាមលក្ខណៈសម្បត្តិនេះ ព្រែកជីកហ្វូណនតេជោ គឺជាកាតាលីករសម្រាប់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន ទេសចរណ៍ និងអចលនទ្រព្យដ៏សំខាន់របស់កម្ពុជា នៅពេលដែលគម្រោងនេះកសាង ហើយជាស្ថាពរ។ ជាការពិត ព្រែកជីកហ្វូណនតេជោ ជាគម្រោងមហិច្ឆតាដែលលាតសន្ធឹងលើចំណុចយុទ្ធសាស្ត្រក្នុងប្រទេសកម្ពុជា មានគោលបំណងសម្រួលដល់ការគ្រប់គ្រងទឹកឱ្យកាន់តែប្រសើរឡើង ជំរុញផលិតភាពកសិកម្ម និងលើកកម្ពស់ការតភ្ជាប់ពាណិជ្ជកម្ម។ តាមរយៈការផ្តល់ផ្លូវប្រកបដោយប្រសិទ្ធភាពសម្រាប់ការដឹកជញ្ជូនទំនិញ ព្រែកជីកនេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយថ្លៃដឹកជញ្ជូនដ៏លើសលុប។
នៅពេលនេះគេដឹងថា ការដឹកជញ្ជូនតាមផ្លូវទឹកថោកជាងផ្លូវគោកដល់ទៅ ៥ដង និងថោកជាងផ្លូវដែក ២ដង ហើយចំណេញពេលវេលាថែមទៀត។ លើសពីនេះទៅទៀត គម្រោងសង់នេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក។
នៅពេលដែលកម្ពុជាបានលើកឡើងពីគម្រោងនេះ មានការព្រួយបារម្ភពីអ្នកវិទ្យាសាស្រ្ត និងយុទ្ធសាស្រ្ត តំបន់ និងអន្តរជាតិមួយចំនួនអំពីភូមិសាស្រ្តនយោបាយ ជាពិសេសគឺចិន ប៉ុន្តែគម្រោងនេះគ្មានហេតុផលនេះទាល់តែសោះ ។ ការព្រួយបារម្ភនេះជាការព្រួយបារម្ភគ្មានមូលដ្ឋាន ពីព្រោះទស្សនវិស័យនាពេលអនាគតរបស់គម្រោង គឺតំណាងឱ្យជំហានដ៏សំខាន់មួយសម្រាប់កម្ពុជា ត្រឹមតែការទាញយកទីតាំងភូមិសាស្រ្តរបស់ខ្លួនដើម្បីទទួលបានផលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ប្រទេសប៉ុណ្ណោះ។ គម្រោងនេះអាចខុសពីព្រែកជីកស៊ុយអេ និងប៉ាណាម៉ា ដែលបម្រើជាចំណុចឆ្លងកាត់អន្តរជាតិ ដោយព្រែកជីកហ្វូណនតេជោផ្តោតជាចម្បងលើការអភិវឌ្ឍនៃភូមិសាស្រ្តនៅក្នុងដែនដីកម្ពុជាតែប៉ុណ្ណោះ ។
ភាពជោគជ័យរបស់គម្រោងស្ថិតនៅលើសក្តានុពលរបស់ខ្លួនក្នុងការផ្លាស់ប្តូរសេដ្ឋកិច្ចក្នុងស្រុកដោយការកែលម្អប្រព័ន្ធធារាសាស្រ្ត ការការពារទឹកជំនន់ និងការសម្របសម្រួលពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សរុបមកវិញ ព្រែកជីកហ្វូណនតេជោ ជានិមិត្តរូបនៃសេចក្តីប្រាថ្នារបស់ប្រទេសកម្ពុជាក្នុងការធ្វើទំនើបកម្ម និងកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ វាគឺជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាដើម្បីបន្តអភិវឌ្ឍ និងធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោក។ ព្រែកជីកនេះ អាចក្លាយជាគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការបង្កើតផ្លូវពាណិជ្ជកម្មដែលមានតម្លៃថោក និងជារង្វាស់ពិតប្រាកដនៃភាពជោគជ័យនៅក្នុងដំណើរការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនៅក្នុងតំបន់៕
ដោយ៖ AKP