ឯកឧត្តម ហួត ឃាងវេង ដឹកនាំកិច្ចប្រជុំ​ ពិនិត្យ​និងរៀប​ចំ​ដាក់​បញ្ចូល​សេវា​សាធារណៈ​ទាំង​អស់​របស់​ក្រសួង​ព័ត៌មាន​ឱ្យដំណេីរ​ការតាម​ Online

ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ ក្រសួងព័ត៌មាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ  អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដេីម្បីពិនិត្យការរៀបចំប្រព័ន្ធស្នើសុំទិដ្ឋាការសម្រាប់អ្នកសារព័ត៌មានបរទេស និងរៀបចំដាក់ឱ្យដំណើរការសេវាសាធារណៈទាំងអស់របស់ក្រសួងព័ត៌មាន តាម Online ដើម្បីបញ្ចូលទៅក្នុងបញ្ជរជាតិតែមួយ និងភ្ជាប់ជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន  ។

កិច្ចប្រជុំខាងលេីបានពិនិត្យលើរបៀបវារៈចំនួន៣ ក្នុងនោះរួមមាន៖​ 

ទី១_ពិនិត្យលើការរៀបចំប្រព័ន្ធស្នើសុំទិដ្ឋការសម្រាប់អ្នកសារព័ត៌មាន បរទេសតាម Online  

ទី២_ពិនិត្យការរៀបចំដាក់ឱ្យដំណើរការសេវាសាធារណៈទាំងអស់របស់ក្រសួងព័ត៌មាន តាម Online  ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធបញ្ជរជាតិតែមួយ និងភ្ជាប់ជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជាCamDX ។

ទី៣_ពិនិត្យឡើងវិញលើតម្លៃសេវាសាធារណៈរបស់ក្រសួងព័ត៌មាន។  

ឯកឧត្តមរដ្ឋលេខាធិការ ប្រធាន​អង្គប្រជុំ​ បានមានប្រសាសន៍ថា ក្នុងនាមជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ក៏ដូចជាមន្ត្រីជំនាញ ត្រូវតែរួមគ្នាដោះស្រាយ និងអនុវត្តការងារនេះឱ្យបានឆាប់រហ័ស ដើម្បីជាការឆ្លើយតបតាមអនុសាសន៍របស់​ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានថ្លែងក្នុងកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពកម្រងសេវាសាធារណៈរបស់ក្រសួងព័ត៌មាន កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះថា  «ការបម្រើសេវាសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជនជាកិច្ចការអាទិភាព​មួយរបស់ក្រសួងព័ត៌មាន» ។

សូមជម្រាបផងដែរថា កាលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសប្រជុំ «ដើម្បីធ្វើបច្ចុប្បន្នភាពកម្រងសេវាសាធារណៈរបស់ក្រសួងព័ត៌មាន » ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ បានសង្កត់ធ្ងន់ថា ក្រសួងព័ត៌មាន ចាំបាច់ត្រូវខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងគ្មានភាពស្មុគស្មាញ តាមរយៈការពន្លឿននីតិវិធី និងបង្កភាពងាយស្រួលដល់អ្នកស្នើសុំសេវា។ 

ក្រសួងព័ត៌មានបាននិងកំពុងពង្រឹង​ ការគ្រប់គ្រង​ និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា ក៏ដូចជាដើម្បីពង្រឹងការងារគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាឱ្យបានកាន់តែរឹងមាំបន្ថែមទៀត​៕​