សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់កាណូតចំនួន៤គ្រឿង សម្រាប់បម្រើការដឹកជញ្ជូនសិស្ស និងពលរដ្ឋ ដោយឥតគិតថ្លៃនៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ

កាណូតចំនួន៤គ្រឿង អាវពោងសុវត្ថិភាព ចំនួន៤០ និងប្រេងឥន្ធនៈមួយចំនួន សម្រាប់បម្រើការក្នុងការដឹកជញ្ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែនក្នុងរដូវវស្សា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់ជូន ប្រជាជននៅឃុំដងកាំបិត និងឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដើម្បីសម្រួលដល់ការដឹកជញ្ជូន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងការឆ្លងកាត់ដងស្ទឹងសែនក្នុងរដូវវស្សា នៅក្នុងឃុំដងកាំបិត និងឃុំមានជ័យ ឆ្លងកាត់ទៅកាន់ឃុំខ្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបម្រើឲ្យនិរន្តរភាពការងារ របស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសកម្មភាពជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ លោកបានប្រគល់កាណូតចំនួន៤គ្រឿង ក្នុង នោះ ចំនួន ២ គ្រឿង ប្រគល់ ជូន ប្រជាជន នៅ ឃុំ ដងកាំបិត និង ចំនួន ២ គ្រឿង ទៀត ប្រគល់ ជូន ប្រជាជន នៅ ឃុំ មាន ជ័យ និង ឃុំ ខ្លែង ព្រមទាំង អាវពោងសុវត្ថិភាពចំនួន៤០ ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បម្រើឲ្យការដឹកជញ្ជូន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទូទៅ ដោយឥតគិតថ្លៃ និងមិនគិតនិន្នាការនយោបាយណាឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើដល់ ក្រុមបច្ចេកទេសបើកបរកាណូតទាំងពីរគោលដៅ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរដឹកជញ្ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឆ្លងកាត់ដងស្ទឹងសែន ឱ្យមានសុវត្ថិភាព នឹងត្រូវគ្រប់គ្រងថែរក្សាលក្ខណៈបច្ចេកទេសម៉ាស៊ីនកាណូត ក្នុងការដឹកជញ្ជូនឲ្យបានល្អ ដើម្បីបម្រើសកម្មភាពក្នុងការដឹកជញ្ជូន បានយូរអង្វែង។

លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ខេត្តកំពង់ធំ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី និងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ដែលបានយកចិត្តទុកដាក់ខ្ពស់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន និងសូមគោរពជូនពរសម្ដេច លោកជំទាវ ឯកឧត្តមអស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។
អត្ថបទ៖ ពុទ្ធិកា