សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់រកម្ចាស់គណនី Facebook ឈ្មោះ “អរគុណសន្តិភាព” ដោយបានយកសារដែលសម្តេចបង្ហោះកាលពីឆ្នាំ២០១៩ ពេលដែលសម្តេចរបួសស្មានិងត្រូវទៅព្យាបាលនៅសង្ហបុរីមកបង្ហោះឡើងវិញ បង្កឲ្យមានការភន័ច្រឡំ ក្នុងចំណោមប្រជាជន។
នៅលើទំព័រហ្វេកបុក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ សូមកុំរពឹសមានFacebook មួយឈ្មោះអរគុណសន្តិភាពដែលមានprofile ជារូបខ្ញុំបានយកសារដែលខ្ញុំបង្ហោះកាលពីឆ្នាំ២០១៩ពេលដែលខ្ញុំរបួសស្មានិងត្រូវទៅព្យាបាលនៅសង្ហបុរីមកបង្ហោះឡើងវិញ។ ការបង្ហោះបែបនេះដោយ Facebook ក្លែងក្លាយបង្កឲ្យមានការភន័ច្រឡំក្នុងចំណោមប្រជាជនថាខ្ញុំកំពុងត្រូវរបួសនិងចាកចេញពីប្រទេស។ ខ្ញុំស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីនេះ ដើម្បីឈានទៅបំបាត់Facebook ក្លែងក្លាយនិងព័ត៌មានក្លាយ៕
អត្ថបទ៖ ពុទ្ធិកា