ហូរហែមិនដាច់! សមាជិកបក្សប្រឆាំងកាន់ច្រើនឡើងៗ សុំរួមរស់ជាមួយបក្សកាន់អំណាច

នៅដើមសប្តាហ៍នេះ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តកាន់តែច្រើនឡើងៗ។ មិនតែប៉ុណ្ណោះ ក្រៅពីការសុំចុះចូលជាមួយគណបក្សកាន់អំណាច សមាជិកបក្សប្រឆាំងទាំងនោះ ក៏បានប្រកាសថ្កោលទោសលោក សម រង្ស៊ី ផងដែរ។

តាមរយៈតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បេក្ខជនក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀន ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ចំនួន ៥រូបបានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំងនេះ និងគោរពស្នើសម្តេចតេជោ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ស្របពេលជាមួយគ្នានេះ ពួកគាត់បានថ្កោលទោស
ជនក្បត់ជាតិ សម រង្ស៊ី យ៉ាងដាច់ខាត។

ទន្ទឹមនឹងនេះ ពួកគាត់បានផ្ញើសារចូលរួមអបអរសាទរចំពោះការបើកការព្រែកជីកហ្វូណនតេជោ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។

នៅថ្ងៃនេះដែរ ក្បាលម៉ាស៊ីនគណបក្សប្រឆាំង ដែលជាបេក្ខជនក្រុមប្រឹក្សាឃុំ និងស្រុក មកពីគណបក្សកម្លាំងជាតិ គណបក្សភ្លើងទៀន អតីតគណបក្សសង្គ្រោះជាតិ និងបក្សហ៊្វុនស៊ិនប៉ិច តាមបណ្តាឃុំ និងស្រុក ក្នុងខេត្តព្រៃវែង ចំនួន៦រូបទៀត បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាពនយោ​បាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។

ចំណែក ក្បាលម៉ាស៊ីនគណបក្សភ្លើងទៀន ក្នុងឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ចំនួន៤រូបទៀត ក៏បានប្រកាសផ្តាច់ខ្លួន និងបានសម្តែងការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងចំពោះជាតិមាតុភូមិ​នាពេលកន្លងទៅ ព្រោះតែលង់ជឿចំពោះការអូសទាញរបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយម។

បន្ថែមពីនេះ បេក្ខជនក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀន ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ចំនួន ៥រូប, េបក្ខជនក្រុមប្រឹក្សាសង្កាត់ចំនួន​០២​សង្កាត់ព្រៃវែង​ និងសង្កាត់រលួស​សរុបចំនួន​០៦នាក់​​ មកពីគណបក្សភ្លេីងទៀន,​ បេក្ខជនក្រុមប្រឹក្សាសង្កាត់ចំនួន​០២​ សង្កាត់ព្រែកតាសេក សង្កាត់ជ្រោយចង្វារ សរុបចំនួន​ ០៥រូប​ បន្ថែមទៀត​ មកពីគណបក្សភ្លេីងទៀន​និងបេក្ខជនក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀន ឃុំ
ពោធិ៍ចំរើន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ១១រូប ក៏បានផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោតពស្នើសម្តេចតេជោ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

ទន្ទឹមគ្នានឹងចលនាផ្តាច់ខ្លួនពីមន្ត្រីជាន់ខ្ពស់ និងសមាជិកបក្សប្រឆាំងកំពុងពុះកញ្ជ្រោលទាំងក្នុងស្រុក និងក្រៅស្រុក សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សង្ឃឹមថា ក្រុមប្រឆាំងនឹងបន្តផ្តាច់ខ្លួនចេញពីមេដឹកនាំក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាល៕