ជាថ្មីម្តងទៀត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមកម្មវិធី «ចាស់អ្នក ថ្មីខ្ញុំ»។ ក្នុងនោះរបស់របរ និងសម្ភារមួយចំនួនដែលទទួលបាន ត្រូវបានយកមកកែច្នៃធ្វើជារបស់របរផ្សេងៗ ដែលអាចប្រើប្រាស់បាន និងជួយបរិស្ថានថែមទៀតផង។
តាមរយៈការបង្ហោះនៅលើទំព័រហ្វ៊េស នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានសរសេររៀបរាប់៖ «នេះគឺជាសមិទ្ធិផលមួយដែលកើតចេញពីការច្នៃប្រឌិតរបស់ប្អូនៗ ក្មួយៗដែលជាសមាជិកាសកម្ម និងសមាជិកគាំទ្ររបស់សមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានយករបស់របរដែលទទួលបាន មកកែច្នៃធ្វើជារបស់របរផ្សេងៗ ដែលអាចប្រើប្រាស់បាន និងជួយបរិស្ថានផងដែរ»។
គួរបញ្ជាក់ថា សមាគមកាយឫទ្ធិនារីកម្ពុជា មានរៀបចំយុទ្ធនាការ «ចាស់អ្នក ថ្មីខ្ញុំ» ដើម្បីទទួលយករបស់របរមានដូចជា សំលៀកបំពាក់ ឬសម្ភារសិក្សា ដែលលោកអ្នកឈប់ប្រើប្រាស់ តែនៅមានគុណភាពល្អ យកទៅកែច្នៃឱ្យក្លាយជារបស់របរថ្មី មានប្រយោជន៍សម្រាប់អ្នកដែលត្រូវការ។ យុទ្ធនាការនេះ នឹងបន្តរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ៕
អត្ថបទ៖ ពុទ្ធិកា