ក្នុងឱកាសប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវការ “ព្រែកជីកហ្វូណនតេជោ” ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងសហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍បាយ័ន រៀបចំការប្រគំតន្ត្រីនៅក្នុងបរិវេណកោះពេជ្រ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៤រសៀល តទៅ ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីជាច្រើនរូប ព្រមជាមួយការរៀបចំ កម្មវិធីអុជកាំជ្រួចអបអរសាទរផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់សិល្បករ-សិល្បការិនី អញ្ជើញចូលរួមសម្តែង និងបញ្ចេញទេពកោសល្យ ដើម្បីបង្ហាញស្មារតីជាតិខ្មែរតែមួយ ក្រោមម្លប់សន្តិភាពដ៏សែនត្រជាក់ត្រជុំរបស់យើងទាំងអស់គ្នា ក៏ដូចជា ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ ឱ្យបានអធិកអធម និងបង្ហាញពី សក្ខីភាពគាំទ្រសាទរ ជាពិសេសសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ “អគ្គមគ្គទេសក៍បិតាស្ថាបនិក សន្តិភាពកម្ពុជា” សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមគំនិត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ក្នុងការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ។
រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សិល្បករ-សិល្បការិនី នឹងចូលរួមការប្រគំតន្ត្រីអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឱ្យកាន់តែមហោឡារិក និងប្រកបដោយមោទនភាពជាតិចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី ដែលកើតចេញពីការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា គ្រប់នីតិកាល។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងផ្លូវទឹកតភ្ជាប់ផ្លូវទឹកពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា មានប្រវែង ១៨០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ គម្រោងព្រែកជីកនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ១៧០០លានដុល្លារ និងគ្រោងបើកការដ្ឋានជាផ្លូវនឹងធ្វើឡើងនាវេលាម៉ោង៩:០៩នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕
អត្ថបទ៖ ពុទ្ធិកា