មានលុយចាយវាយហ៊ឹហារ និងមានក្រុមហ៊ុនរកស៊ីធំក្នុងប្រទេសជាច្រើនកន្លែង ប៉ុន្តែ ជីមមី ម៉េង បែរជារៀបចំពិធីមង្គលការលក្ខណៈគ្រួសារ ស្ទើរតែគ្មានវត្តមានសិល្បករចូលរួម ហើយថែមទាំងនិយាយថា មិនចង់ចំណាយថវិការច្រើនដើម្បីរៀបចំពិធីមង្គលការទៅវិញ ជាពិសេសនោះគឺនាងបានចុះអេតាស៊ីវិលតាំងពីឆ្នាំមុននៅ សហរដ្ឋអាមេរិក ។
មង្គលការពិធីការិនី ជីមមី ម៉េង បានរៀបចំឡើងតាមប្រពៃណី ខ្មែរ កាលពីថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០២៤ ជាលក្ខណៈគ្រួសារ ត្រឹមតែមួយព្រឹកប៉ុណ្ណោះដោយមានភ្ញៀវចូលរួមត្រឹមតែ ២០ នាក់ប៉ុណ្ណោះ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន ដែលចង់គ្រងឈុតជាកូនក្រមុំ ខ្មែរ មានមេបាទាំងសងខាងចូលរួមជូនពរជ័យ ។ ហើយពិធីមង្គលការរបស់នាង គឺបានប្រកាសមិនយកចំណងដៃឡើយ ។
ប៉ុន្មានថ្ងៃនេះពិធីការិនី ជីមមី ម៉េង បានធ្វើឱ្យមិត្តភក្តិ និង អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល បន្ទាប់ពីនាងរៀបចំពិធីមង្គលការលក្ខណៈតូចតាចបំផុត និងស្ទើរតែគ្មានវត្តមានសិល្បកររូបណាចូលរួមឡើយ ។ ទន្ទឹមនិងការរៀបចំពិធីមង្គលការជាលក្ខណៈគ្រួសារនេះ ស្រាប់តែ ជីមមី ម៉េង បង្ហើបប្រាប់ថា នាងបានចុះអេតាលីវិលតាំងពីទៅ សហរដ្ឋអាមេរិក កាលពីឆ្នាំមុនមកម្ល៉េះ ណាមួយនាងមិនចង់រៀបចំពិធីមង្គលការធំដោយសារមិនចង់ចំណាយថវិការច្រើន …។
ជីវិតហ៊ឹហារ មានលុយចាយ និង មានក្រុមហ៊ុនរកស៊ីជាច្រើនកន្លែង តើហេតុអ្វីបានជា ជីមមី ម៉េង បែរជានិយាយថា មិនចង់ចំណាយប្រាក់ច្រើនក្នុងការរៀបចំពិធីមង្គលការរបស់ខ្លួនទៅវិញ ? ចំពោះរឿងនេះពិធីការិនី ជីមមី ម៉េង បានបញ្ជាក់ប្រាប់ថា ការពិតនាងក៏ចង់រៀបចំពិធីមង្គលការដែលមានលក្ខណៈធំដុំដែរ ប៉ុន្តែដោយសារមិនអាចរងចាំយូរតទៅទៀតបាន គឺមានតែប្រញាប់រៀបចំពិធី យកថ្ងៃល្អជាមុនសិន ព្រោះបន្តិចទៀតចូលវស្សាហើយគឺមិនអាចរៀបការបានទេ ។ ម្យ៉ាងវិញទៀតនាងចង់រៀបចំពិធីជប់លៀងជួបជុំដែលមានលក្ខណៈធំដុំនៅពេលណាមួយដើម្បី Surprise អ្នកគាំទ្រ និងមិត្តភក្តិ ប៉ុន្តែពេលនេះគឺបែកការអស់ហើយ ៕