នៅព្រឹកថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៤ នេះ សមាគមសិល្បករខ្មែរ បានចូលក្រាបបង្គំគាល់ និង ថ្វាយដង្វាយអង្ករចំនួន ១០ តោន ជូនព្រះករុណាព្រះមហាក្សត្រ ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ដឹកនាំគណៈប្រតិភូសមាគមសិល្បករខ្មែរ សរុបចំនួន ១៨ រូប ចូលក្រាបថ្វាយបង្គំគាល់ សម្តែងការគួរសម និងថ្វាយព្រះពរ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង ។
អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បាននាំមកនូវដង្វាយថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នូវអង្ករចំនួន១០តោន ដើម្បីថ្វាយនូវការចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តមរបស់ព្រះអង្គ អោយសម្រេចទទួលបានមហាជោគជ័យដ៏ត្រចេះត្រចង់បន្ថែមទៀត ៕