ឯកឧត្តម ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ចេញចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ បន្តពីសម្តេចតេជោ ហ៊ុន សែន គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់តក់ស្លុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាព និងក្នុងសង្គមជឿនលឿនមួយ ដូចបណ្តាប្រទេសអភិវឌ្ឍលើសកលលោកដែរ។ ហើយអ្នកដែលអាចធ្វើឱ្យក្តីសុបិននេះបានសម្រេច គឺមានតែរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែមួយគត់។ នេះគឺជាហេតុផលដែលប្រជាពលរដ្ឋខ្មែរផ្តល់សេចក្តីទុកចិត្តដល់គណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំរាជរដ្ឋាភិបាលរហូតមក។ ដើម្បីសម្រេចគោលដៅនេះ ការដ្ឋានមួយក្នុងចំណោមការដ្ឋានដ៏សំខាន់បំផុតដែលមិនអាចមើលរំលងបានគឺការប្រយុទ្ធប្រឆាំងជាមួយព័ត៌មានក្លែងក្លាយនិងប្រសិទ្ធភាពនៃការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។

ប្រសាសន៍បែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម ចូលរួមជាគណៈអធិបតីជាមួយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវគណៈអភិបាលខេត្ត ប្រធានសាលាដំបូងនិងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត មន្ត្រីរដ្ឋបាលខេត្ត មេបញ្ជាការនិងស្នងការនៃកងកម្លាំងប្រដាប់អាវុធខេត្ត លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកនាំពាក្យថ្នាក់ខេត្ត រហូតដល់ថ្នាក់ក្រុង-ស្រុក និងឃុំ-សង្កាត់ សរុបជិត ៤០០នាក់៕