កាន់តែច្បាស់ អ្នកនាង យ៉ាន់ លីនដា នឹងមកស្រុក ខ្មែរ ដើម្បីមើលការងាររកស៊ី និង រួមរស់ជាមួយលោក យ៉ែម សំអូន ជាប្តីប្រពន្ធផ្លូវការ ដើម្បីប៉ះប៉ូវពេលវេលាជិត ១០ ឆ្នាំ !

លើកនេះមិនមែនជារឿងលេងសើចទៀតទេ លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន់ លីនដា នឹងចាប់ដៃគ្នាសាងជីវិតថ្មីនៅលើដី ខ្មែរ ជាមួយគ្នាឡើងវិញជាផ្លូវការ បន្ទាប់ពីអ្នកនាង យ៉ាន់ លីនដា ត្រៀមនឹងត្រឡប់មកប្រទេស កម្ពុជា វិញនាប៉ុន្មានថ្ងៃខាងមុខ ដើម្បីប៉ះប៉ូវជីវិតប្តីប្រពន្ធដែលបានបាត់បង់រយៈពេលជិត ១០ឆ្នាំ ។

ថ្មីៗនេះអ្នកនាង យ៉ាន់ លីនដា តែងតែបង្ហោះសារ និង រំលឹកពីចំណងស្នេហ៍របស់ខ្លួននិងលោក យ៉ែម សំអូន មិនលោះថ្ងៃ ចុងក្រោយនេះនាងថែមទាំងបានបង្ហោះសារដ៏វែងអន្លាយនៅលើ ហ្វេសប៊ុក របស់ខ្លួន ដែលរៀបរាប់ពីទំហំចិត្ត និង ភក្តីស្នេហ៍ ដែលខ្លួនមានចំពោះស្វាមី រហូតធ្វើឱ្យមហាជនមានការអារម្មណ៍ខ្លាំង ។ ប៉ុន្តែអ្វីដែលជាចម្ងល់នោះ គឺមហាជននៅតែឆ្ងល់ថា តើលោក យ៉ែម សំអូន និង អ្នកនាង យ៉ាន់ លីនដា ពិតជាត្រូវរ៉ូវគ្នាពិតប្រាកដឬយ៉ាងណា ?

ទាំងលោក យ៉ែម សំអូន និង អ្នកនាង យ៉ាន់ លីនដា នៅពុំទាន់បាននិយាយចេញពីមាត់អ្នកទាំងពីរផ្ទាល់នៅឡើយទេថា អ្នកទាំងពីរត្រូវគ្នាវិញ ភាគច្រើន អ្នកទាំងពីរបានត្រឹមតែបង្ហាញក្តីស្រឡាញ់ និង សារដ៏មានខ្លឹមសារទៅកាន់គ្នានៅលើ ហ្វេសប៊ុករបស់ម្នាក់ថា អ្នកទាំងពីរត្រូវគ្នាវិញហើយ និងចង់ចាប់ផ្តើមជីវិតថ្មីនឹងគ្នាឡើងវិញ ។

ជាមួយគ្នានេះផងដែរបើតាមប្រភព័ត៌មានពីអ្នកស្និទ្ធជាមួយលោក យ៉ែម សំអូន បានបង្ហើបប្រាប់ថា អ្នកនាង យ៉ាន់ លីនដា នឹងមកប្រទេស កម្ពុជា នាប៉ុន្មានថ្ងៃខាងមុខ ដើម្បីរស់នៅជាមួយលោក យ៉ែម សំអូន ជាប្តីប្រពន្ធស្របច្បាប់ឡើងវិញ ដើម្បីប៉ះប៉ូវពេលវេលាដែលអ្នកទាំងពីរនៅបែកគ្នាជិត ១០ ឆ្នាំ ។

ទន្ទឹមនិងការត្រៀមខ្លួនត្រឡប់មករស់នៅប្រទេស កម្ពុជា វិញ អ្នកនាង យ៉ាន់ លីនដា ក៏ត្រៀមនឹងមើលការងារខុសត្រូវការងាររបស់លោក យ៉ែម សំអូន ទាំងអស់ ដូចមហាជនបានដឹងហើយថា លោក យ៉ែម សំអូន មានក្រុមហ៊ុនរៀបចំសេវាកម្មវអាពាហ៍ពិពាហ៍ដ៏ធំមួយ ដែលអាចរកប្រាក់ចំណូលបានយ៉ាងច្រើន ៕