ឯកឧត្តម YAMAGUCHI Natsuo សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្ស Komeito ជប៉ុន បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលកត្តានេះនឹងជំរុញឱ្យវិនិយោគិនជប៉ុនបន្តស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។ ការគូសបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តម YAMAGUCHI Natsuo បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយឯកឧត្តមជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចធិបតី កម្ពុជានឹងមានការអភិវឌ្ឍរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ ឯកឧត្តម សង្ឃឹមថារាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគាំទ្រ និងធានានូវបរិយាកាសអំណោយផលសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា។
ជាមួយគ្នា ឯកឧត្តម នឹងជំរុញកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ សន្តិសុខសាយប័រ និងជាពិសេសលើវិស័យបោសសម្អាតមីន ដោយកន្លងមកជប៉ុនមានកិច្ចសហការដ៏ល្អ និងជិតស្និទ្ធជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ហើយ CMAC គឺជាកងកម្លាំងដែលមានជំនាញ និងបទពិសោធន៍ល្អបំផុតក្នុងការបោសសម្អាតមីន។
ក្នុងជំនួបនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣ ព្រមទាំងការដាក់ចេញនូវអភិក្រមថ្មីរបស់ជប៉ុនសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត ដែលផ្តោតលើ (១) ការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម (២) ការតភ្ជាប់សមុទ្រ និង (៣) ការបោសសម្អាតមីន។
ពាក់ព័ន្ធនឹងការវិនិយោគរបស់ជប៉ុននៅកម្ពុជា សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ចអំណោយផលនិងធានាបាននូវភាពប្រកួតប្រជែង តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា។
ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគំនិតផ្តួចផ្តើមក្នុងការធានាឱ្យបាននូវភាពជោគជ័យរបស់វិនិយោគិន ក៏ដូចជាវិនិយោគិនជប៉ុននៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវយន្តការពិគ្រោះយោបល់ទៀងទាត់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបណ្ដាវិនិយោគិនជប៉ុនចំនួនពីរដងក្នុងមួយឆ្នាំ ដើម្បីពិភាក្សាស្វែងយល់អំពីបញ្ហាប្រឈម និងរកដំណោះស្រាយផងដែរ។ អត្ថបទ៖ ពុទ្ធិកា