រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី១៩ មីនា រៀងរាល់ឆ្នាំ ប្រារព្ធ​ទិវាជាតិសង្គមកិច្ច

តាមអនុក្រឹត្យដែលចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ និងចុះហត្ថលេខា ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់យកថ្ងៃទី១៩ ខែមីនា រៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ។ ការកំណត់ទិវានេះ គឺក្នុងគោលបំណង បង្កើនគុណតម្លៃនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីការងារសង្គមកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

អនុក្រឹត្យ ក៏កំណត់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិង បរទេស គ្រឹះស្ថានអប់រំការងារសង្គមកិច្ច សមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ចកម្ពុជា និងវិស័យឯកជន ចូលរួម បំផុសដល់សាធារណជនឱ្យយល់ដឹងអំពីការងារសង្គមកិច្ចនិងកម្លាំងសេវាសង្គម។

ជាមួយគ្នានេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវរៀបចំទិវាជាតិសង្គមកិច្ច ដោយសហការ ជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាគមអ្នកវិជ្ជាជីវៈ សង្គមកិច្ចកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស ព្រមទាំងភាគីពាក់ព័ន្ធ៕

អត្ថបទ៖ ពុទ្ធិកា