នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា កងទ័ពអាកាសចំនួន២នាក់ បានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រមួយគ្រឿងនៅភូមិសាស្ត្រខេត្តពោធិ៍សាត់ អំឡុងពេលហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃតី១២ ខែកក្កដា ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ កងទ័ពអាកាសចំនួន២នាក់ នោះរួមមានប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់ ។
ការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ទៀ សីហា ដូចនេះបានធ្វើឡើងនៅក្នុងពិធីអបអរសាទរ ខួបលើកទី៣១ឆ្នាំ នៃទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០) នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ឧទ្ធម្ភាគចក្ររបស់ក្រសួងការពារជាតិ គឺតែងតែ ចេញហោះហើរជារៀងរាល់ថ្ងៃ ដើម្បីធ្វើការហ្វឹកហ្វឺន ហើយក៏ដើម្បីពិនិត្យមើលបច្ចេកទេស ឬឧបករណ៍ជា ដើម ដោយការហ្វឹកហ្វឺននេះពេលខ្លះគឺមានរយៈពេលឆ្ងាយ និងរយៈពេលជិត។ ឧទ្ធម្ភាគចក្រ ដែលបានបាត់ចេញពីរាដានេះ គឺមានទិសដៅហ្វឹកហ្វឺនពីភ្នំពេញទៅថ្មដា ពីថ្មដាទៅពោធិ៍សាត់ហើយ នឹងត្រូវបកមក ភ្នំពេញវិញ តែយ៉ាងណាក៏ដោយឯកឧត្តមមិនទាន់ហ៊ាន សន្និដា្ឋនថា យ៉ាងណានោះទេរហូតមកដល់ថ្ងៃនេះ ខណៈក្រុមការងារកំពុងរុករកនោះ។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ។ ឧបទ្ទវហេតុបានកើតឡើងក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ ។
គិតមកដល់រសៀលថ្ងៃទី១៤ ខែកក្កដា ប្រតិបត្តិរុករកនៅតែបន្តខណៈស្ថានភាពអាកាសធាតុនៅទីតាំងប្រតិបត្តិការជាតំបន់ព្រៃក្រាស់ ចុះអ័ព្ទខ្លាំង៕ អត្ថបទ៖ ពុទ្ធិកា