ពិធីការិនី យ៉ែម ស្រីពេជ្រ ត្រៀមនឹងហោះហើរទៅប្រទេស កាណាដា ជាថ្មីម្តងទៀតនៅបំណាច់ខែ កក្កដានេះហើយ ដោយចោល ពូណុយ ដែលជាដៃគូនៅឯកោរម្នាក់ឯង ។
ជុំវិញនៃការចាកចេញរបស់ពិធីការិនីរូបនេះ ត្រូវបានមហាជនឆ្ងល់ថា នាងចេញទៅទីនោះដើម្បីអ្វី ? ឬមួយនាងមានដៃគូនៅទីនោះ ? ដូចដឹងស្រាប់ហើយថា កញ្ញា យ៉ែម ស្រីពេជ្រ តែងតែចេញទៅប្រទេស កាណាដា ជារៀងរាល់ឆ្នាំម្តង ។
កញ្ញា យ៉ែម ស្រីពេជ្រ សុំមិនបកស្រាយអ្វីច្រើនទាក់ទងទៅនិងរៀបការជាមួយ ពូណុយ ពីព្រោះរឿងនោះវាបានចប់សព្វគ្រប់ទៅហើយ រឿងរ៉ាវរវាងនាងនិង ពូណុយ គឺគ្រាន់តែជាការងារតែប៉ុណ្ណោះ ។ ចំពោះរឿងចេញទៅប្រទេស កាណាដា ត្រូវបាននាងបញ្ជាក់ប្រាប់ថា នាងមានបងប្អូននៅទីនោះច្រើន ដូច្នេះហើយទើបមួយឆ្នាំនាងចេញទៅលេងម្តង ដើម្បីលំហែកាយពេលសម្រាកពីការងារ ។
បើតាមគម្រោង យ៉ែម ស្រីពេជ្រ ត្រៀមចេញទៅប្រទេស កាណាដា នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ ខាងមុខនេះជាមួយម្តាយរបស់ខ្លួន ។ ទោះបីជាឧស្សាហ៍ចេញទៅប្រទេស កាណាដា ក្តី យ៉ែម ស្រីពេជ្រ បានប្រាប់ថា នាងមិនទាន់រកគូស្រករឃើញនៅឡើយទេ ហើយនាងក៏មិនចង់រៀបការរស់នៅប្រទេស កាណាដា ដែរ ដោយសារនាងស្រឡាញ់ស្រុកកំណើតច្រើនជាងចំណាកស្រុកទៅរស់នៅប្រទេសទី ២ ទោះបីជានាងរៀបការក៏ត្រូវរកបុរសនៅក្នុងប្រទេសដែរ ។
គួររំលឹកផងដែរថា កញ្ញា យ៉ែម ស្រីពេជ្រ បានបោះបង់ការងារសម្តែងចោលច្រើនឆ្នាំមកហើយទាំងថតរឿងភាគ និងរឿងដុំ បន្ទាប់ពីនាងបានងាកមកធ្វើជាពិធីការិនី ។ យ៉ែម ស្រីពេជ្រ មានក្តីរំពឹងខ្ពស់លើការងារជាពិធីករ ជាក់ស្តែងបច្ចុប្បន្នគឺជាពិធីការិនីនៅក្នុងកម្មវិធី « អ្នកជិតខាង » ហើយពេលទំនេរគឺនាងទទួលការងារជាពិធីការិនីនៅតាមបណ្តាខេត្តក្រុងនានានៅក្នុងកម្មវិធី ជប់លៀង ឬការប្រគំតន្រ្តីនានា… ៕