ថ្វីដ្បិតតែមិនមានគម្រោងរៀបការប៉ុន្តែតារាសិចស៊ី អៀ ម៉េងលិ សម្រេចចិត្តភ្ជាប់ពាក្យយ៉ាងធំដុំជាមួយគូស្នេហ៍នាប៉ុន្មានខែខាងមុខ ដើម្បីបញ្ចប់អាជីពសម្តែងគាប់ចិត្តគូស្នេហ៍ ។
នៅក្នុងឆ្នាំ ២០២៤ នេះ ចំណងស្នេហ៍ តារាសិចស៊ី អៀ ម៉េងលិ មានការរង្គោះរង្គើរខ្លាំង ស្ទើរតែស្រោចស្រង់ពុំបាន តែទោះជាយ៉ាងណាក្រោយពីមានការសម្របសម្រួលអ្នកទាំងពីរបានបន្តកាន់ដៃគ្នាដើរទៅមុខទៀត ។
ជួបជាមួយកញ្ញា អៀ ម៉េងលិ កាលពីពេលថ្មីៗនេះ នាងបានបញ្ជាក់ប្រាប់ថា នាងនិងគូស្នេហ៍ត្រៀមនឹងរៀបចំពិធីភ្ជាប់ពាក្យនិងគ្នាក្នុងពេលឆាប់ៗខាងមុខ ដោយនាងបានត្រៀមអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។ ពិធីភ្ជាប់ពាក្យរបស់នាង គឺនឹងរៀបចំឡើងយ៉ាងធំដុំបំផុត ដូចជាពិធីមង្គលការផងដែរ ដោយមិនឱ្យចាញ់សិល្បករមួយចំនួនឡើយ ។
ពិធីភ្ជាប់ពាក្យរបស់តារាសិចស៊ី អៀ ម៉េងលិ នៅពុំទាន់កំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ ដោយសារតែនាងចង់ទុករឿងនេះជាការភ្ញាក់ផ្អើលប៉ុន្តែនាងក៏មិនអូនបន្លាយពេលវេលាយូរទៀតដែរ យ៉ាងយូរ ២ ខែទៀត ។
តារាសិចស៊ី អៀ ម៉េងលិ បានទទួលស្គាល់ថា គូស្នេហ៍របស់នាងជាមនុស្សប្រចណ្ឌច្រើន ហើយក៏មិនចង់ឱ្យនាងសម្តែងជាមួយតួប្រុសណាម្នាក់ដែរ ជាពិសេសនៅពេលថតឈុតស្និទ្ធស្នាលជាមួយតួប្រុស គឺហាមដាច់ខាតតែម្តង ។ ដើម្បីគាប់ចិត្តគូស្នេហ៍ខ្លួន នាងបានសម្រេចចិត្តឈប់ថតរឿងតែម្តង ភាគច្រើននាងទទួលតែការងារថតស្ពតតែប៉ុណ្ណោះ ។
ទស្សនិកជនជាច្រើនកំពុងទន្ទឹងរងចាំមើលតារាស្រីសិចស៊ីរូបនេះ ដឹកដៃគូស្នេហ៍ខ្លួនចូលរោងការតាមពាក្យសន្យារបស់នាង ៕