អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា សំណូមពរដល់ប្រជាពលរដ្ឋ ចូលរួមក្នុងសកម្មភាពចាំបាច់ បញ្ឈប់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងចូលរួមពង្រឹងប្រព័ន្ធស្បៀងនិងកសិកម្ម ក៏ដូចជាចំណីអាហារ ត្រូវតែមាននិរន្តរភាព។
លោកបានលើកឡើងនៅថ្ងៃទី១០ ខែកក្កដានេះថា ការការពារនិងអភិរក្សធនធានធម្មជាតិផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ដោយមិនគិតថ្លៃ ដូចជាអាហារ ដែលមានជីវជាតិ ខ្យល់បរិសុទ្ធ និងទឹកស្អាត ដើម្បីជួយដល់សុខភាព ព្យាបាលជំងឺ និងការពារគ្រោះមហន្តរាយធម្មជាតិជាដើម។
ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសក្នុងមុំយុទ្ធសាស្រ្តទី២«បៃតង» បានពង្រឹងការដាំឈើឱ្យបានច្រើន ដើម្បីស្តារព្រៃ បង្កើនគម្របព្រៃ បង្កើនគម្របបៃតងនៅតាមផ្ទះ គឺដាំដំណាំ ដើមឈើ តាមសាលារៀន វត្តអារាម នៅតាមមូលដ្ឋានសហគមន៍ ការពង្រឹងការអភិរក្សជីវៈចម្រុះ និងគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាជួយពង្រឹងជីវភាពប្រជាពលរដ្ឋ ដោយអាទាញប្រយោជន៍ពីភាពបៃតងនេះ។
អ្នកនាំពាក្យរូបនេះបានបន្តថា ពេលនេះយើងត្រូវចូលរួមពង្រឹងការរួមចំណែកជួយធម្មជាតិ គឺក៏ជួយខ្លួនឯង និងមនុស្សជាតិ មិនត្រឹមតែនៅកម្ពុជា និងនៅលើពិភពលោក បង្ហាញថាការថែរក្សការពារព្រៃឈើ តាមរយៈការធ្វើបន្លែ ការដាំដុះ ដែលមិនប៉ះពាល់ដីព្រៃ ការមិនប្រើជីគីមី នាំឱ្យធម្មជាតិ ជីវៈចម្រុះ មានការថែទាំបានល្អ ផ្តល់ប្រយោជន៍មកមនុស្សវិញ ដូចជាចំណូលសម្រាប់គ្រួសារ មានសុខភាពល្អ ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងជាប្រភពនៃការទាក់ទាញនៃការធ្វើពាណិជ្ជកម្មកាបូន ដែលកម្ពុជា កំពុងប្រតិបត្តិការនៅតំបន់ការពារធម្មជាតិមួយចំនួនរួចមកហើយ៕
អត្ថបទ៖ អក្ខរា