សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញផ្លូវដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដ៏ជាក់លាក់មួយនៅក្នុងការសម្រួលសភាពការណ៍នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។
សម្ដេចតេជោបានសង្កត់ធ្ងន់ថា ដើម្បីឈានទៅរកដំណោះស្រាយជាស្ថាពរត្រូវ៖ ចំនុចទី១) គឺភាគីទាំងអស់នៅក្នុងតំបន់សមុទ្រចិនខាងត្បូងត្រូវ គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ DOC ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញកាលពីក្នុងឆ្នាំ២០០២, ចំនុចទី២) ស្នើសុំឱ្យភាគីពាក់ព័ន្ធនៅសមុទ្រចិនខាងត្បូងធ្វើការសម្របសម្រួលគ្នាដើម្បីចៀសវាងជម្លោះណាមួយ ហើយពិភាក្សាប្រកបដោយន័យស្ថាបនា ចៀសវាងមានភាពតានតឹងក្នុងតំបន់,ចំណុចទី៣) គឺជំរុញតួនាទីរបស់អាស៊ាននិងបណ្ដាប្រទេសពាក់ព័ន្ធធ្វើការចរចាដើម្បីឈានទៅសម្រេចបាននូវក្រមប្រតិបត្តិ (COC) ឱ្យបានឆាប់។
សម្ដេចបានចាត់ទុកថាបើ COC បានសម្រេចហើយនោះ វានឹងកាត់បន្ថយនូវភាពតានតឹង, បណ្ដាប្រទេសនៅក្នុងតំបន់នឹងមានជំនឿទុកចិត្តគ្នាទៅវិញទៅមក ហើយសមុទ្រចិនខាងត្បូងអាចក្លាយជាច្រកដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្មរវាងបណ្ដាលប្រទេសនៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ។
ការលើកឡើងរបស់សម្តេចប្រធានព្រឹទ្ធសភា ក្នុងពេលអនុញ្ញាតឲ្យលោកស្រីផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ចំពោះបញ្ហាសមុទ្រចិនខាងត្បូងនេះដែរ សម្ដេចតេជោបានស្វាគមន៍ការសន្ទនាដែលហ្វីលីពីនកំពុងធ្វើការសន្ទនាជាមួយនឹងចិន ក៏ដូចបណ្ដាប្រទេសពាក់ព័ន្ធ មានវៀតណាម ។ល។ ៕