បានដូចបំណងហើយ ! តារាសម្តែង សារ៉ាយ សក្ខណា ទើបបង្ហាញថាមានផ្ទៃពោះ ៤ ខែ តែមិនទាន់ដឹកដៃស្វាមីទៅ អាមេរិក វិញ 

ថ្វីដ្បិតតែពេលនេះតារាសម្តែង សារ៉ាយ សក្ខណា កំពុងពពោះកូនក្នុងផ្ទៃចំនួន ៤ ខែក៏ពិតមែន ប៉ុន្តែនាងនៅតែចេញថតរឿងដូចមុន ជាពិសេសនាងនិងស្វាមី​នៅពុំទាន់មានគម្រោងនឹងដឹកដៃគ្នាត្រឡប់ទៅ សហរដ្ឋអាមេរិក វិញ ដើម្បីរស់នៅទីនោះនៅឡើយទេ ។ 

រយៈពេលជិត ៣ ឆ្នាំហើយដែលតារាសម្តែង សារ៉ាយ សក្ខណា បានសម្រេចចិត្តត្រឡប់មករស់នៅ ប្រទេស កម្ពុជា ដែលជាស្រុកកំណើតរបស់ខ្លួនវិញ បន្ទាប់ពីនាងបានចេញទៅរស់នៅ សហរដ្ឋអាមេរិក ជាមួយស្វាមីអស់ជាច្រើនឆ្នាំថែមទាំងទទួលបានកូនប្រុសស្រី ចំនួន ២ នាក់ជាចំណងដៃ ។ ការត្រឡប់មករស់នៅស្រុកកំណើតវិញរបស់តារាស្រីរូបនេះ គឺនាងបានចាប់ផ្តើមពង្រឹងអាជីពសិល្បៈឡើងវិញ និងបានពង្រើកអាជីវកម្មរបស់ខ្លួនឱ្យកាន់តែធំឡើង ។ 

ជួបជាមួយតារាសម្តែង សារ៉ាយ សក្ខណា កាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា នាងមិនទាន់មានគម្រោងនឹងវិលត្រប់ទៅ សហរដ្ឋអាមេរិក វិញនៅឡើយទេ បើទោះបីជាឪពុកម្តាយក្មេករបស់នាង បានព្យាយាមឱ្យនាងនិងស្វាមីព្រមទាំងកូនទី ២ នាក់ត្រឡប់ទៅវិញក្តី គឺនាងបានសុំពួកគាត់រស់នៅទីនេះបន្តទៀតសិន ចាំពេលវេលាសមស្របចាំត្រឡប់ទៅវិញ ។

ពេលនេះ សារ៉ាយ សក្ខណា កំពុងពពោះកូនទី ៣ តាមបំណងប្រាថ្នា ប៉ុន្តែនាងពុំទាន់បង្ហាញប្រាប់ថា កូននៅក្នុងផ្ទៃរបស់ខ្លួនជាកូនប្រុសឬកូនស្រីនោះទេ គ្រាន់តែដឹងថា មកទល់ពេលនេះនាងកំពុងមានផ្ទៃពោះចំនួន ៤ ខែ ។ នាងនិងស្វាមីពិតជារីករាយជាមួយសមាជិកទី ៣ នេះខ្លាំងណាស់ ពីព្រោះនាងស្រឡាញ់កូនច្រើន ថែមទាំងធ្លាប់គិតថា ចង់យកកូនភ្លោះផងដែរ ។ 

បើទោះបីជាពេលនេះកំពុងមានផ្ទៃពោះ តែតារាសម្តែង សារ៉ាយ សក្ខណា ពុំទាន់សម្រាកពីការងារសិល្បៈនៅឡើយទេ ពោលគឺនាងកំពុងថតភាពយន្ត និងថតម៉ូដដូចមុនដដែល ពីព្រោះពោះរបស់នាងក៏ពុំទាន់ខ្ទាតធំឡើយ ។ 

តារាសម្តែង សារ៉ាយ សក្ខណា នៅពុំទាន់សម្រេចចិត្តថា នឹងដឹកដៃស្វាមីត្រឡប់ទៅ សហរដ្ឋអាមេរិក វិញនៅពេលណាមួយនោះទេ សូម្បីតែពេលសម្រាលកូនទី ៣ នេះ ក៏នាងមិនទាន់សម្រេចចិត្តដែរ ថា នឹងត្រូវសម្រាលកូននៅក្នុងស្រុក ខ្មែរ ឬ អាមេរិក ? ប៉ុន្តែក្នុងចិត្តនាងគឺចង់សម្រាលកូននៅស្រុក ខ្មែរ ច្រើនជាងទៅ អាមេរិក ពីព្រោះនៅទីនេះមានម្តាយជាទីស្រឡាញ់របស់ខ្លួននៅមើលថែ និងផ្តល់កម្លាំងចិត្ត ៕