សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យគិតគូរអំពីការផ្តល់គោលការណ៍ឧបត្ថម្ភ និងផ្តល់ការថែទាំដល់ពិរុទ្ធជនស្ត្រីមានផ្ទៃពោះ និងទារក នៅតាមមន្ទីឃុំឃាំង ដើម្បីទទួលបានការគាំពារសមស្រប ប្រកបដោយទឹកចិត្តមនុស្សធម៌ ។
ការណែនាំនេះ បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្របរិញ្ញាបត្រអប់រំជូនដល់គរុនិស្សិត និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អន្តេវាសិកដ្ឋានគ្រូ នៅវិទ្យាស្ថានគរុកោលស្យរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គិតគូរអំពីការផ្តល់គោលការណ៍ឧបត្ថម្ភ និងផ្តល់ការថែទាំដល់ពិរុទ្ធជនស្ត្រីមានផ្ទៃពោះ និងទារក នៅតាមមន្ទីឃុំឃាំង គឺការយកចិត្តទុកដាក់ ចំពោះសុខភាព និងសុខុមាលភាព នៃមាតានិងទារក ត្រូវបានគិតគូរ រួមទាំងស្ត្រីមានផ្ទៃពោះ និងកុមារតូចៗនៅក្នុងពន្ធនាគារ ហើយនេះជាគោលការណ៍មនុស្សធម៌ដែលត្រូវយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋកម្ពុជាផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល គោលនយោបាយ ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីដែលជាមន្រ្តីរាជការ មន្រ្តីកិច្ចសន្យា មន្រ្តីកម្មសិក្សា កម្មករនិយោជិត ដែលជាសមាជិក ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអារយុ២ឆ្នាំ ដើម្បីបន្តគាំពារស្រ្តីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សបន្ថែមទៀត ស្របតាមគោលនយោបាយជាតិគាំពារសង្គម។
អត្ថបទ៖ ពុទ្ធិកា