ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើដល់អ្នកធ្វើសកម្មភាពបរិស្ថានទាំងអស់ មុនធ្វើអ្វីៗ គប្បីណាពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងការជះឥទ្ធិពលមិនល្អដល់អ្នកដទៃ និងដល់សង្គមជាតិទាំងមូល។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម អ៊ាង សុផល្លែត ក្នុងឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្តញសង្គមផ្លូវការក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តមបានថ្លែងស្វាគមន៍ចំពោះសកម្មភាពបរិស្ថានទាំងឡាយណា ដែលចូលរួម គិតគូរដល់ផលប៉ះពាល់បរិស្ថាន និងផ្តល់ប្រយោជន៍ជូនប្រជាជនកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យអ្នកធ្វើសកម្មភាពទាំងអស់នោះ ត្រូវមានជំនាញពិតប្រាកដ ចៀសវាងនាំឱ្យមានការយល់ច្រឡំ ដែលបណ្តាលឱ្យខាតបង់ប្រយោជន៍របស់បុគ្គលដែលជាអ្នបានធ្វើនោះ និងបានធ្វើឱ្យមានការប៉ះពាល់ប្រយោជន៍សេដ្ឋកិច្ច សង្គមកិច្ច និងប្រយោជន៍ផ្សេងទៀតរបស់ប្រទេសជាតិយើង។
ការថ្លែងរបស់រដ្ឋក្រសួងបរិស្ថាននាពេលនេះ បន្ទាប់ពីក្រុមសកម្មជនមាតាធម្មជាតិ ចំនួន ១០នាក់ ត្រូវបានតុលាការប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធធនាគារពី៦ឆ្នាំ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពាក់ព័ន្ធនឹងការប្រមាថអង្គព្រះមហាក្សត្រ និងរួម គំនិតក្បត់ជាតិ។ កាលពីឆ្នាំ២០២១ ក្រុមសកម្មជនមាតាធម្មជាតិ បានជាប់ចោទពីបទប្រមាថព្រះមហាក្សត្រ និងបទ រួមគំនិតក្បត់ ក្រោយពីបែកធ្លាយវីដេអូកិច្ចប្រជុំមួយដែលពួកគេជជែកគ្នា៕
អត្ថបទ៖ អក្ខរា