អាល្លឺម៉ង់ នឹងបន្តការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា

ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការបញ្ជាក់របស់ឯកឧត្តម ដូចនេះបានធ្វើឡើង នៅក្នុងជំនួបរវាងឯកឧត្តម ជាមួយ សម្តេចធធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព កាលរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមរយៈពេលជាង២ឆ្នាំមកនេះ ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់-កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានប្តេជ្ញាចិត្ត បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈការលើកទឹកចិត្ត និងជំរុញឱ្យ វិនិយោគិនអាល្លឺម៉ង់មកវិនិយោគបន្ថែមទៀតនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងការចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យ សុខាភិបាល និងវិស័យអប់រំ តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតកម្ពុជា ក្នុងការបន្តការ​សិក្សានៅប្រទេសអាល្លឺម៉ង់។

ឯកឧត្តមកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប និងបានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបយ៉ាងឆាប់រហ័ស និងគាំទ្រលើការបើកស្ថានកុងស៊ុលនេះផងដែរ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត និងចក្ខុវិស័យរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានស្វាគមន៍ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការបង្កើតស្ថានកុងស៊ុល កិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប ដើម្បីសម្រួលការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ព្រមទាំងសម្រួលនូវវិស័យពាណិជ្ជកម្ម និងវិនិយោគ។

គួរបញ្ជាក់ថា​ ក្នុងជំនួបនេះ សម្តេចធិបតីនាយករដ្ឋ​មន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួនបន្ថែមទៀត ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិរក្ស ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត និងកិច្ចសហប្រតិបត្តិការលើវិស័យបោះសម្អាតមីននៅកម្ពុជា៕

អត្ថបទ៖ ពុទ្ធិកា