នៅក្នុងជំនួបពិភាក្សានៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានពិភាក្សាគ្នាលើការជំរុញនូវកិច្ចសហប្រតិបត្តិការបង្កើតសួនឧស្សាហកម្មអាហារហាឡាល់ ដើម្បីជំរុញការអភិវឌ្ឍវិស័យហាឡាល់នៅកម្ពុជា ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
នៅក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ាឡេស៊ី និងបានលើកទឹកចិត្តឱ្យឯកឧត្តម ឯកអគ្គរាជទូត បន្តធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ស្សាហារ៉ូឌីន ប៊ីន អ៊ន ក៏បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងម៉ាឡេស៊ី-កម្ពុជា ហើយបានបញ្ជាក់ថា ក្នុងបេសកកម្មការទូតនៅកម្ពុជា ឯកឧត្តមប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
ក្រៅពីពិភាក្សាជំរុញការអភិវឌ្ឍវិស័យអាហារហាឡាល់នៅកម្ពុជា ក្នុងជំនួបនេះដែរ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យនយោបាយ, សន្ដិសុខ និងការពារជាតិ, សេដ្ឋកិច្ច, ទេសចរណ៍ , អប់រំនិងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជនផងដែរ៕ អត្ថបទ៖ ពុទ្ធិកា