សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគមបន្តអនុវត្តការងារសំខាន់ៗចំនួន ៣ដល់សមាគមសិល្បករខ្មែរ។ ការងារចំនួន៣នោះរួមមាន (១) លើកទឹកចិត្តឱ្យសមាគមចូលរួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការសិក្សាស្រាវជ្រាវចងក្រងឯកសារគោល និងកំណត់អត្តសញ្ញាណនៃស្នាដៃសិល្បៈឱ្យបានច្បាស់លាស់ (២) ចូលរួមផ្សព្វផ្សាយនូវស្នាដៃសិល្បៈឱ្យកាន់តែទូលំទូលាយ តាមរយៈការរៀបចំបង្កើតព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗ ដើម្បីឱ្យសាធារណជនបានយល់ដឹងអំពីវប្បធម៌សិល្បៈដ៏ផូរផងរបស់ជាតិ និង (៣) បន្តជំរុញការចូលរួមអនុវត្តប្រកបដោយភាពបត់បែននូវស្នាដៃសិល្បៈវប្បធម៌ ដោយឈរលើមូលដ្ឋានជាក់លាក់ និងច្បាស់លាស់ ដើម្បីលើកកម្ពស់ និងជំរុញទីផ្សារ ដោយធានាបាននូវនិរន្តភាព និងចីរភាពនៃវិស័យសិល្បៈ ប្រកបដោយភាពច្នៃប្រឌិត ។
ក្នុងជំនួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះការសម្រេចបាននូវលទ្ធផលការងាររបស់សមាគម ក៏ដូចជាការរៀបចំកែសម្រួលរចនាសម្ព័ន្ធ និងការដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការចូលរួមចំណែកទ្រទ្រង់ និងប្រមូល ចងក្រងនូវសិល្បករ សិល្បការិនី គ្រប់ទម្រង់ និងការផ្តល់ឱកាសចូលរួមក្នុងការថែរក្សាវប្បធម៌ប្រពៃណី និងការលើកកម្ពស់នូវស្នាដៃសិល្បៈរបស់ជាតិផងដែរ។
ជាមួយគ្នានេះ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបអ្នកឧកញ៉ា និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
អ្នកឧកញ៉ា ម៉ៅ ចំណាន បានគូសបញ្ជាក់ថា ការងារដែលសមាគមសិល្បករខ្មែរ សម្រេចបាននាពេលកន្លងមក, ការរៀបចំកែសម្រួលរចនាសម្ព័ន្ធដឹកនាំ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ព្រមទាំងការរៀបចំផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយផ្តោតលើសកម្មភាពចំបងមួយចំនួន រួមមាន៖ ១). ការប្រមូលចងក្រងសមាជិករបស់សមាគម ដែលផ្តោតលើសិល្បករដែលមានអាជីពសម្តែងសកម្ម សិល្បករដែលបាត់បង់សមត្ថភាពសម្តែង អតីតសិល្បករ និងសិល្បករមហាជន និង២).ការផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់សមាជិករបស់សមាគមសិល្បករខ្មែរ តាមរយៈសេវាជួយសង្គ្រោះជិវិត(ការផ្តល់ឈាម) សេវាជំនួយផ្នែកច្បាប់ និងវិញ្ញាបនបត្របញ្ជាក់ពីអាជីពរបស់សិល្បករ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ តាមតម្រូវការជាក់ស្តែង និងការទទួលបាននូវមូលនិធិទ្រទ្រង់របស់សមាគមដល់សមាជិកផងដែរ។
គួរបញ្ជាក់ថា សមាគមសិល្បករខ្មែរត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំ ឬ ៦ អាណត្តិមកហើយ ។ សមាគមបានចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវកិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍សិល្បៈវប្បធម៌ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល ។
សមាគមបានរកៀរគរសប្បុរសជន និងអ្នកមានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេស គឺស្វែងរកធនធាន សម្រាប់ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យបង្កើតនូវស្នាដៃសិល្បៈថ្មីៗ ។ ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានរួមចំណែកអភិរក្ស ផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិ ជួយគាំពារជីវភាពសិល្បករចាស់ជរា ឬបាត់បង់សមត្ថភាពសម្តែង ក៏ដូចជាចូលរួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕ អត្ថបទ៖ ពុទ្ធិកា