ចលនាមហាសាមគ្គីជាតិខ្មែរក្នុងសង្គមខ្មែរ បានផុសត្រដែតឡើងដ៏គួរឲ្យស្ញប់ស្ញែង តាមរយៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីកុមារ ឆ្នាំ២០២៤ ដែលបានផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
យុទ្ធនាការនេះ ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទន ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការចូលរួមគាំទ្រយុទ្ធនាការដ៏មានសារៈសំខាន់នេះជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលចំនួនជាង ៣លាន៣សែនដុល្លារ។ បើធៀបនឹងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ពីរលើកកន្លងមក, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤នេះ ទទួលបានការចូលរួមកាន់តែផុសផុលពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងថា នេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុង «ស្មារតីខ្មែរជួយខ្មែរ» ” ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
ក្នុងនាមជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, លោកជំទាវបណ្ឌិត សូមសម្ដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនពុកម៉ែ,បងប្អូន, និងជនរួមជាតិទាំងអស់ដែលបានចូលរួមបរិច្ចាគ នៅក្នុងអំឡុងពេលយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ។
ទោះបីជាយុទ្ធនាការនេះ បានបញ្ចប់ទៅហើយកាលពីថ្ងៃទី៣០ មិថុនាកន្លងមកនេះ តែមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀគរការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តភាពនៃកិច្ចដំណើរការក្នុងបេសកកម្មផ្ដល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះរាប់លានករណីក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព, ឥតថ្លៃ និងមិនមានការរើសអើង៕
អត្ថបទ៖ អក្ខរា