ជាថ្មីម្តងទៀតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារព្រមានទៅកាន់អ្នកឈូសឆាយបំផ្លាញព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ថារដ្ឋាភិបាលនឹងបន្តអនុវត្តន៍វិធានការតឹងរ៉ឹងបំផុតទៅ ក្នុងការការពារតំបន់ទន្លេសាប ដោយមិនដកថយទុកលំហរ ឲ្យអ្នកល្មើសធ្វើសកម្មភាពផ្ដេសផ្ដាសនោះឡើយ។ ការផ្ញើសារព្រមានធ្ងន់ៗនេះ បានធ្វើឡើងក្នុងពិធីប្រារព្ធពិធីទិវាមច្ឆជាតិ លើកទី១៩ នៅបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាល់ថា ៖ «សូមកុំចង់សាកល្បង គិតថា រដ្ឋាភិបាលថ្មីក្មេងៗអត់ហ៊ានធ្វើអ្វី ខ្ញុំសូមបញ្ជូនសារឲ្យហើយ យើងនឹងបន្តធ្វើ ព្រោះជាកាតព្វកិច្ច។ កាន់តួនាទីនៅក្នុងរដ្ឋ មិនថាក្មេង មិនថាចាស់ មានភារៈកិច្ច ដើម្បីការពារ និងអភិវឌ្ឍប្រទេសជាតិ ដោយចីរភាពសម្រាប់ទាំងអស់គ្នានេះ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តការពារ និងទប់ស្កាត់រាល់ការបំផ្លាញ ដីព្រៃលិចទឹក និងបទល្មើសធនធានធម្មជាតិដទៃទៀតនៅជុំវិញបឹងទន្លេសាប ។ ហើយរដ្ឋាភិបាលត្រូវហ៊ានអារកាត់ ដើម្បីធ្វើការទប់ស្កាត់ផលប្រយោជន៍របស់មនុស្សមួយចំនួនតូច ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រទេសជាតិ ។
ទន្ទឹមគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការកាប់ទន្ទ្រានព្រៃឈើលិចទឹក ដែលធ្វើឲ្យប៉ះពាល់ ទៅដល់ប្រព័ន្ធអេកូឡូស៊ី និងប្រព័ន្ធត្រីទឹកសាប ការប្រើប្រាស់ជីគីមីហួសកម្រិត ដែលបង្កផលប៉ះពាល់ដល់ពូជត្រី។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់បទបញ្ជាឲ្យអភិបាលខេត្ត នៅជុំវិញបឹងទន្លេសាប ទប់ស្កាត់ការទន្ទ្រានយកដីនៅតំបន់៣ នៃតំបន់បឹងទន្លេសាបឲ្យបាន។ ក្នុងនោះក៏ព្រមានឲ្យដកខ្លួនចេញជាបន្ទាន់ មុនពេលរដ្ឋាភិបាលអនុវត្តវិធានការច្បាប់ ចំពោះអ្នកដែលចាប់អារម្មណ៍ដីនៅតំបន់៣ ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏ជំរុញដល់ស្ថាប័នពាក់ព័ន្ធ ឱ្យចុះបញ្ជីដីធ្លីនៅជុំវិញបឹងទន្លេសាបឱ្យបានរួចរាល់ ហើយត្រូវគូសផែនទី និងបោះបង្គោលព្រំឱ្យមានសុក្រឹតភាព ដើម្បីធានាការគ្រប់គ្រងបឹងទន្លេសាបឱ្យបានល្អប្រសើរ ខណៈរាជរដ្ឋាភិបាល បានអនុម័តថវិកា៤លានដុល្លារ សម្រាប់បោះបង្គោលព្រំនៅតំបន់បឹងទន្លេសាប ជំហានទី១ ផងដែរ៕
អត្ថបទ៖ ពុទ្ធិកា