ឯកឧត្ត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ប្រសាសន៍របស់ឯកឧត្ត ស សុខា ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្តកណ្តាល។ ឯកឧត្តម គួច ចំរើន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជំនួសឯកឧត្តម គង់ សោភ័ណ ដែលត្រូវតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គង់ សោភ័ណ ដែលបានខិតខំសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងការអភិវឌ្ឍខេត្តកណ្តាល ក្នុងរយៈពេលដែលឯកឧត្តម កាន់មុខតំណែងជាអភិបាលខេត្តកណ្តាល អស់រយៈពេល ៤ឆ្នាំកន្លងមកនេះ និងបានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម គួច ចំរើន ដែលពេលនេះ ឯកឧត្តម ត្រូវបានតែងតាំងជាអភិបាលខេត្តកណ្តាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល ផ្តល់ការគាំទ្រ និងចូលរួមជាមួយឯកឧត្តម គួច ចំរើន ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
បន្ថែមលើសពីនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានជំរុញឱ្យរដ្ឋបាលខេត្ត បន្តពង្រឹងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ការបង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ ការលាងសម្អាតប្រាក់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងក្មេងទំនើង ឱ្យមានប្រសិទ្ធភាពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលកន្លងមក ព្រមទាំងការគ្រប់គ្រង និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ការអភិវឌ្ឍសេដ្ឋកិច្ចរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ការផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីក្នុងការបំពេញការងារ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែមានភាពងាយស្រួល ឆាប់រហ័ស តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងបរិយាប័ន្ន។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានឡើងប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រើប្រាស់សមត្ថភាព លះបង់កម្លាំងកាយចិត្ត និងបទពិសោធនក្នុងការដឹកនាំការគ្រប់គ្រងកិច្ចការរដ្ឋបាល ការអភិវឌ្ឍ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីរួមគ្នាបន្តអភិវឌ្ឍ និងកសាងសមិទ្ធផលនិងស្នាដៃថ្មីៗបន្ថែមទៀត៕