សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវបំផុសស្មារតីឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ។ ការអំពាវនាវនេះ បានធ្វើឡើងពិធីប្រារព្ធទិវាមច្ឆជាតិ នៅបរិវេនបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តការយកចិត្តទុកដាក់ការស្រាវជ្រាវពូជត្រី ការភ្ញាស់កូនត្រី ដើម្បីចែកចាយនិងលែងកូនត្រី មេពូជ ឲ្យបានច្រើនដងក្នុ្ងងមួយឆ្នាំៗ ជំរុញការអភិវឌ្ឍវារីវប្បកម្មតាមគ្រប់រូបភាព ដោយសិក្សាពីតម្រូវការទីផ្សារ ធ្វើផែនការផលិតកម្មច្បាស់លាស់ ។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានក៏ជំរុញការផលិតពូជដែលមានគុណភាព ពង្រឹងការអនុវត្តបច្ចេកទេសវារីវប្បកម្មឱ្យមានប្រសិទ្ធភាព និង បង្កើតបណ្ដុំវារីវប្បករ ដើម្បីងាយស្រួលក្នុងការផ្តល់បច្ចេកទេសនិងរកទីផ្សារ។ ជាពិសេសបង្កើនការស្រាវជ្រាវបច្ចេកទេស វិទ្យាសាស្ត្រជលផល ដើម្បីជាមូលដ្ឋានក្នុងការគ្រប់គ្រងធនធានជលផល បន្តសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផល។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត ទិវាមច្ឆជាតិ ដោយជ្រើសយក ថ្ងៃទី ០១ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបំផុសប្រជាជន ចូលរួមចំណែកការពារ អភិរក្ស និង អភិវឌ្ឍវិស័យជលផល ក្នុងទិសដៅធានានិរន្តរភាព នៃធនធានជលផល ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច សង្គម និង បរិស្ថាន។ ទិវាមច្ឆជាតិឆ្នាំនេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ក៏បានអញ្ជើញលែង ត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្អិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្ដើក កន្ធាយ ទៅក្នុងបឹងធម្មជាតិផងដែរ។
ក្នុងឆ្នាំ២០២៣ កន្លងទៅ រដ្ឋបាលជលផល និងវារីវប្បករបានភ្ញាស់កូនត្រីក្នុងស្រុកច្រើនប្រភេទ ដូចជា ត្រីប្រា ត្រីរ៉ស់ ត្រីឆ្ការ ត្រីអណ្តែង ត្រីទីឡាព្យា ត្រីគ្រំ ជាដើម ចំនួនជាង ២៦០លានកូន ដើម្បីលែងចូលក្នុងធម្មជាតិ ចែកប្រជាកសិករចិញ្ចឹម និង ធ្វើអាជីវកម្មក្នុងស្រុក។ លើសពីនេះ កម្ពុជាសម្រេចបានផលវារីវប្បកម្មសរុបចំនួនជាង ៣០០ពាន់តោន ទាំងទឹកសាប និងសមុទ្រ ដែលជាការរួមចំណែកកាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិ កាត់បន្ថយ ការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយសេដ្ឋកិច្ចជាតិ។ អត្ថបទ៖ ពុទ្ធិកា