នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើរពិនិត្យមើលទីផ្សារ និងជួយបច្ចេកទេសដល់ប្រជាពលរដ្ឋ។ សម្តេចធិបតីបានណែនាំបែបនេះ ក្នុងពិធីអបអរសាទរ “ទិវាមច្ឆជាតិ ០១ កក្កដា” លើកទី១៩ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សម្តេចធិបតី មានប្រសាសន៍ថា៖ “ឥលូវការប្រែប្រួលនៃតម្រូវការទីផ្សារនៅខាងក្រៅ ទាមទារមានឲ្យសម្របសម្រួលក្នុងការដាំដុះ ហើយក្នុងវារីវប្បកម្មដូចគ្នា កសិកម្មពិនិត្យមើល ឯកឧត្តម ឌិត ទីណា បានដើរពិនិត្យមើលទីផ្សារនៅខាងក្រៅ ពីត្រី១០០មុខ មិនមែនមានទីផ្សារទាំងអស់ទេ…ត្រូវទាមទារឲ្យមានបច្ចេកទេសគ្រប់ ព្រោះបើយើងធ្វើមិនស្រួលនាំចេញទៅក្រៅអត់បាន ផ្គត់ផ្គង់តែក្នុងទីផ្សារស្រុកក៏អត់បានផង ព្រោះទីផ្សារមួយចំនួន គេត្រូវការស្តង់ដារ”។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត, ជំរុញវិស័យកសិកម្ម ត្រូវធ្វើពិពិធកម្មឱ្យច្រើន ចិញ្ចឹមអ្វី ដាំអ្វីមិនសំខាន់នោះទេ តែត្រូវធានាឱ្យបាននូវទីផ្សារ។ សម្តេចធិបតីបានគូសបញ្ជាក់ថា នៅក្នុងនីតិកាលថ្មីនេះ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តដាក់ចេញគោលនយោបាយបន្តបន្ទាប់ជួយដល់កសិករ និងវិនិយោគផ្សេងៗលើវិស័យកសិកម្ម។
សម្តេចធិបតី បានណែនាំឱ្យបង្កើនការត្រួតពិនិត្យគុណភាព សុវត្ថិភាព សមត្ថភាពកែច្នៃ និង ការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ផលិតផល ជលផលកម្ពុជា, ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ សម្តេចធិបតីក៏បានអំពាវនាវ និងលើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍ និង វិស័យឯកជន ចូលរួមគាំទ្រឱ្យកាន់តែខ្លាំងថែមទៀត តាមរយៈការផ្តល់បច្ចេកទេស និងដើមទុន រួមទាំងហិរញ្ញប្បទានការប្រាក់ទាប ដើម្បីជំរុញវារីវប្បកម្ម និងការកែច្នៃផលផលិតផលជលផលកម្ពុជា៕
អត្ថបទ៖ អក្ខរា