លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បកស្រាយជុំវិញរឿងការបំពាក់ GPS លើអ្នកទោសដែលត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ។
តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោក នុត សវនា បានបញ្ជាក់ថា៖ “កងជើង GPS ដែលខ្ញុំលើកឡើងវាគ្រាន់តែជាឧបករណ៍ជំនួយក្នុងការតាមដានប៉ុណ្ណោះ ច្បាប់ក៏មានចែងពីការដាក់ឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌហើយ នៅតែលិខិតបទដ្ឋានស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ និងការទទួលដឹងឮពីមជ្ឈដ្ឋានពាក់ព័ន្ធប៉ុណ្ណោះដែលមិនទាន់គ្រប់ជ្រុងជ្រោយ។ ហេតុការណ៍មួយនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់ប្រធានសាលាដំបូងសម្រាប់ករណីក្រោយៗ ដែលប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌយើងបច្ចុប្បន្នកំពុងអនុវត្តក្នុងដំណាក់កាលសាកល្បង តាមរយៈគណៈកម្មការ Parole នៅកម្ពុជា”។
លោកបានបន្តថា៖ “កាលនោះខ្ញុំឆ្លើយសំណួរពិធីករទូរទស្សន៍មហាផ្ទៃ ពាក់ព័ន្ធវិធានការកាត់បន្ថយភាពចង្អៀតណែន ខ្ញុំក៏លើកឡើងពីការដោះលែងដោយមានលក្ខខណ្ឌ ដែលជាវិធានការមួយក្នុងចំណោមវិធានការដទៃទៀត ហើយការប្រើប្រព័ន្ធតាមដានដោយប្រព័ន្ធ GPS នេះវាគ្រាន់តែជាមធ្យោបាយជំនួយ ប៉ុន្តែស្រុកយើងឥឡូវសំបូរអ្នកប្រាជ្ញពេក គាត់វិភាគវែកញែកទាំងងងើល ដោយសារការកាត់តបង្កើតសាច់រឿងរបស់ពួក MMO ទុច្ចរិតមួយចំនួន”។
គួរបញ្ជាក់ថា លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ បានផ្តល់បទសម្ភាសន៍ ស្តីពីវឌ្ឍនភាពការងារ របស់អគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ក្នុងរយៈពេលជិតពាក់កណ្តាលឆ្នាំ២០២៤។ ក្នុងវិដេអូផ្សព្វផ្សាយលើបណ្តាញសង្គមផ្លូវការក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ លោកបានលើកឡើងថា ការបញ្ជូនអ្នកទោសទៅពន្ធនាគារមិនមែនជាជម្រើសល្អនោះទេ, ជម្រើសដែលល្អគឺការស្តារនីតិសម្បទានៅក្រៅឃុំ ទើបមានប្រសិទ្ធភាពជាង។ ការអនុវត្តទោសនៅក្រៅឃុំនេះ មន្ត្រីជាន់ពន្ធនាគាររូបនេះ បានលើកយកគំរូពីប្រទេសដទៃ ដោយការបំពាក់ GPS តាមដានអ្នកទោស ហើយលោកបង្ហើបថា អគ្គនាយកដ្ឋានពន្ធនាគារទទួលការគាំទ្រពីប្រទេសជប៉ុន ដើម្បីធ្វើកិច្ចការងារនេះ៕
អត្ថបទ៖ អក្ខរា