បន្ទាប់ពីសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យអស់ពេលជាច្រើនខែ ពេលនេះ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃទទួលមរណភាពហើយនៅស្រុកកំណើតក្នុងជន្មាយុ ៨០ ឆ្នាំ ។ លោក គង់ សម័យ ដែលជាកូនប្រុសលោកតា គង់ ណៃ បានពោលពាក្យយ៉ាងក្តុកក្តួលចិត្តថា « កូនសូមជួបពុកគ្រប់ៗជាត » ។
ក្រុមគ្រួសារ ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ កំពុងមានទុក្ខជាទម្ងន់ដែលលោកតាបានចាកចោលក្រុមគ្រួសារ និង បងប្អូនប្រជាជន កម្ពុជាទៅគ្មានថ្ងៃវិលត្រឡប់ ។ បងប្អូនប្រជាជន កម្ពុជា ទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងសិល្បករសិល្បការិនីជាច្រើន បានសម្តែងនូវការសោកស្តាយនិងផ្ញើសាររំលែកទុក្ខ ចំពោះការបាត់បង់ធនធានដ៏មានតម្លៃ គឺព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ។
ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពហើយ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅឯស្រុកកំណើត ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ។ សពរបស់លោកតានឹងរៀបធ្វើបុណ្យទៅតាមប្រពៃណីនៅខេត្ត កំពត ។
លោក គង់ សម័យ បានបង្ហោះវិដេអូ ដ៏សោកសៅ ពីសកម្មភាពដែលលោកតា គង់ ណៃ ចេញពីមន្ទីរពេទ្យ និងធ្វើដំណើរទៅស្រុក កំណើត នៅខេត្ត កំពត ។ ក្រៅពីបង្ហាញពីវិដេអូនោះហើយ លោក គង់ សម័យ បាននិយាយថា « សូមពុកទៅឱ្យបានសុខ កូនសូមជួបពុកគ្រប់ៗជាតិ ។ លោកពុក គង់ ណៃ » ។
ខាងក្រោមនេះគឺជាប្រវត្តិរូបខ្លះៗរបស់ ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ។
ព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ កើតនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៤៤ នៅភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ស្ថិតក្នុងវ័យចន្លោះ ៤ ឆ្នាំ កុមារា គង់ ណៃ បានធ្លាក់ខ្លួនពិការដោយសារជំងឺអុតធំ និងបានចាប់ផ្តើមការសិក្សាអំពី ចាប៉ីដងវែងនៅអាយុ ១៣ឆ្នាំ។ ដោយសារតែពិការភាព ជារឿយៗលោកតែងប្រឈមមុខនឹងការសើចចំអកពីសំណាក់មិត្តភក្តិ និងមនុស្សជុំវិញខ្លួន។ ក្នុងរយៈពេលពីរឆ្នាំនៃការសិក្សាចាប៉ី គឺគ្រាដែលលោកមាន វ័យ១៥ឆ្នាំលោកតា គង់ ណៃ បានចាប់ផ្តើមអនុវត្តវិជ្ជាជីវៈនេះ ហើយកសាងកេរ្តិ៍ឈ្មោះល្បីសុសសាយយ៉ាងឆាប់រហ័ស និងមិនយូរប៉ុន្មានគាត់ក៏បានទទួលឈ្មោះហៅក្រៅថា “សង្ហា” ណៃ។
នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត ។ក្នុងឆ្នាំ ១៩៩១ លោកបានប្រឡងជាប់ជ័យលាភីលេខ ១ ផ្នែកចម្រៀងចាប៉ីដងវែងទូទាំងប្រទេសនៅរាជភ្នំពេញ ហើយក្លាយជាសិល្បករចាប៉ីដងវែងនៅនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រហូតដល់ចូលនិវត្តន៍នាឆ្នាំ ២០០៧ ។ ក្នុងឆ្នាំ ២០០៣ លោកជាព្រឹទ្ធាចារ្យសិល្បៈនៃអង្គការខ្មែរអមតៈ និងបានបង្ហាត់បង្រៀនសិស្សបន្តជាច្រើនជំនាន់រហូតដល់ជរាខ្លាំងនឹងចូលនិវត្តន៍ម្ដងទៀតនាឆ្នាំ ២០០៧ ។ នៅឆ្នាំ ១៩៨២ លោកទទួលបានជ័យលាភីលេខ១ ផ្នែកចម្រៀងចាប៉ីប្រចាំខេត្ត ។ ឆ្នាំ ២០០១ លោកតាទទួលបាន វិញ្ញាបនបត្រព្រឹទ្ធាចារ្យវប្បធម៌សិល្បៈខ្មែរ ដោយរាជបណ្ឌិត្យសភាកម្ពុជានិងគ្រឿងឥស្សរិយយសថ្នាក់មុនីសារាភ័ណ្ឌពីរាជរដ្ឋាភិបាល ។
ឆ្នាំ ២០០២ លោកទទួលបាន វិញ្ញាបនបត្រកិត្តិយសវីរៈសិល្បៈពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ឆ្នាំ ២០០៧ ទទួលគ្រឿងឥស្សរិយយសម្ដងទៀតពីរដ្ឋាភិបាល និងឆ្នាំ២០១២ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ដែលមាននាមថា កោសល្យវោហារ គង់ណៃ ។ នៅឆ្នាំ ២០១៧ លោកទទួលបានពានរង្វាន់សិល្បៈ និងវប្បធម៌ ហ្វូគុអុកា (Fukuoka Prize) ជាពានរង្វាន់ដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ នៅទីក្រុងហ្វូគុអុកាប្រទេសជប៉ុន សម្រាប់ផ្តល់ជូនបុគ្គលដែលមានស្នាដៃឆ្នើមក្នុងតំបន់អាស៊ី ពាក់ព័ន្ធផ្នែក អប់រំ សិល្បៈ និងវប្បធម៌ ៕