ក្នុងស្ថានភាពបច្ចុប្បន្ន ដែលសភាពការណ៍ពិភពលោកកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញនិងប្រកបដោយការគំរាមគំហែមដ៏គ្រោះថ្នាក់នេះ សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រទេសមហាអំណាចធ្វើការស្តារឡើងវិញដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាពពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារអំពាវនាវដល់បណ្តារដ្ឋជាពិសេសបណ្ដាប្រទេសមហាអំណាច សូមស្ដារឡើងវិញ នូវកិច្ចសហប្រតិបត្តិការ និងរិះរកដំណោះស្រាយចំពោះបញ្ហាក្ដៅៗ ទាំងឡាយ តាមរយៈការចរចាដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងនីតិរដ្ឋរបស់មនុស្សជាតិទាំងអស់។
សម្តេចតេជោបានគូសបញ្ជាក់ថា ការដាក់ទណ្ឌកម្ម អំពើហិង្សា និងសង្រ្គាមមិនមែនជាដំណោះស្រាយល្អនោះឡើយ។ ការថ្លែងរបស់សម្តេចតេជោក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។
សូមជម្រាបថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងបង្កឱ្យអំពើហិង្សារាលដាលចូលទៅក្នុង ប្រទេសលីបង់ ស៊ីរី អ៉ីរ៉ាក់ និងយេម៉ែន ហាក់មើលមិនឃើញពីទីបញ្ចប់ ខណៈសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅតែបន្ត។
ចំណែក កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលស្ទើរតែ រាល់សប្ដាហ៍ ហើយចិន និងសហរដ្ឋអាមេរិកកាន់តែដំឡើងសាច់ដុំយោធាក្នុងតំបន់ប៉ាស៊ីហ្វិក ព្រមទាំងសំណុំរឿងតៃវ៉ាន់៕