ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមប្រឆាំងនឹងបន្តផ្តាច់ខ្លួនចេញពីមេដឹកនាំក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាល។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីចលនាផ្តាច់ខ្លួនពីបក្សប្រឆាំងកំពុងពុះកញ្ជ្រោលទាំងក្នុងស្រុក និងក្រៅស្រុក។
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការស្វាគមន៍លោក ឡាយ ឡាត អតីតសកម្មជននៅក្រៅប្រទេស ដែលបានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៊ី និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
សាររបស់សម្តេចតេជោ បានសំដែងនូវការអបអរសាទរចំពោះលោកដែលបានទទួលយកកំហុសដែលធ្លាប់បានសាងក្នុងរយៈពេលកន្លងមក ក្រោមការដឹកនាំនៃមេដឹកនាំក្រុមជ្រុលនិយម ដើម្បីប្រឆាំងផលប្រយោជន៍ជាតិឯង។ សម្តេចតេជោបានបន្តថា៖ “ខ្ញុំសង្ឃឹមថាតាមរយៈលោកបងប្អូនផ្សេងទៀត នឹងបន្តផ្តាច់ខ្លួនចេញពីមេដឹកនាំក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាលវិញ។ ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍សំណើររបស់លោក ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា”។
លោក ឡាយ ឡាត់ អតីតជាគ្រូសូត្រឆ្វេងប្រចាំនៅវត្តសាមគ្គីរង្សី បច្ចុប្បន្នរស់នៅប្រទេសបារាំងមាន តួនាទីអគ្គលេខាសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម និងបច្ចុប្បន្នជាសមាជិកអចិន្ត្រៃយ៍គណៈកម្មការវត្តចន្ទ័រង្សី ហៅវត្តខ្មែរកម្ពុជាក្រោម បានសរសេរលិខិត និងចេញវីដេអូគោរពជូនសម្តេចតេជោ ហ៊ុន សែន ធ្វើការអភ័យទោសដែលកន្លងមកបានប្រព្រឹត្តខុសយ៉ាងធ្ងន់ធ្ងរចំពោះសម្ដេចតេជោ និងប្រទេស ជាតិយ៉ាងធ្ងន់ធ្ងរបំផុត ដែលខ្ញុំបានដឹកនាំចូលរួមធ្វើចលនាប្រឆាំងសម្តេចតេជោតាំងពីនៅព្រះសង្ឃនៅក្នុងវត្តសាម គ្គីរង្សី ចូលរួមដឹកនាំបាតុកម្មនៅក្រៅប្រទេសពិសេសប្រទេសបារាំង ស្វីស ប៊ែលហ្សិក….។
លោកបានបន្តថា កន្លងមកលោកជាអ្នករៀបចំសម្រួលគ្រប់បែបយ៉ាងឲ្យសម រង្ស៊ី បានចូលក្នុងកម្មវិធីក្នុងវត្តច័ន្ទរង្សីនៅបារាំង(វត្តខ្មែរកម្ពុជាក្រោម)ដោយជំទាស់ជាមួយគណៈកម្មការ និងព្រះសង្ឃសម្រួលឲ្យ សម រង្ស៊ី បានថ្លែងយកវេទិការបុណ្យក្នុងវត្តកេញចំណេញនយោបាយ។
អតីតសកម្មជនប្រឆាំងរូបនេះបានបន្តថា ដោយឃើញសកម្មភាពចេតនារបស់ជនក្បត់ជាតិបីជំនាន់សមរង្ស៊ី ការធ្វើបំផ្លាញជាតិសាសន៍ឯង បម្រើផលប្រយោជន៍បរទេសចូលរួមជាមួយវិទ្យុអាស៊ីសេរីផ្សព្វផ្សាយបំភ្លើសការ ពិតនិយាយអាក្រក់ពីប្រទេសជាតិរបស់ខ្លួនទៅវិញ លោកសូមអភ័យទោសកំហុសកន្លងមក និងសូមគោរពស្នើសុំចូលរួមជីវភាពនយោបាយ និងសុំចូលរួមថែរក្សាសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ និងមានសម្តេចធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្តីនៃកម្ពុជា៕
អត្ថបទ៖ អក្ខរា