សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានកោតសរសើរចំពោះគោលជំហររដ្ឋាភិបាលថៃដែលបញ្ជាក់អះអាងមិនអនុញ្ញាតឱ្យមានអមិត្តណាមួយយកទឹកដីថៃធ្វើសកម្មភាពប្រឆាំងនឹងកម្ពុជា។ ការថ្លែងកោតសរសើរនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចនិងឯកឧត្ដម Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ នៅវិមានព្រឹទ្ធសភា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជាបញ្ហាសំខាន់សម្រាប់សន្តិសុខកម្ពុជាផង ថៃផង និងវៀតណាមផងដែរ ហើយប្រទេសកម្ពុជា ក៏បានសន្យាជាមួយប្រទេសដទៃ មិនអនុញ្ញាតឱ្យប្រទេសឬក្រុមអមិត្តណាយកទឹកដីរបស់ខ្លួនប្រឆាំងនឹងប្រទេសផ្សេងនោះដែរ។
ជាមួយគ្នានេះ ឯកឧត្តម Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ បានគូសបញ្ជាក់ថា ប្រទេសថៃ បានចាត់ទុកប្រទេសកម្ពុជាជាប្រទេសសំខាន់ ដោយប្រទេសទាំងពីរមានព្រំដែនជាប់គ្នា ហើយរាជរដ្ឋាភិបាលថៃតែងតែផ្ដល់អាទិភាពខ្ពស់ក្នុងទំនាក់ទំនងជាមួយកម្ពុជា។
ឯកឧត្តម បានបន្តថា ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសនឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពដើម្បីពង្រឹងពង្រីកទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរ ហើយនិងប្តេជ្ញាឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំស៊ីជម្រៅលើគ្រប់វិស័យ ហើយរាជរដ្ឋាភិបាលថៃ ក៏បានជំរុញឱ្យវិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការជំរុញការវិនិយោគលើវិស័យសំខាន់ៗជាច្រើន៕