កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ដែលជាកូនប្រុសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានទទួលមេដាយមាសពីរគ្រឿងពីក្នុងការប្រឡងកម្រិតសាកលនៅឌូបៃ ។ ក្នុងចំណោមមេដាយមាសពីរគ្រឿង គឺមេដាយមាសមួយគ្រឿងលើវិញ្ញាសាគណិតវិទ្យា និងមេដាយមាសមួយទៀតលើវិញ្ញាសាភាសាអង់គ្លេស។
ជាមួយគ្នានេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេកបុក នៅថ្ងៃទី២៦ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញមោទនភាព ចំពោះកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាចៅប្រុស ដែលទទួលបានមេដាយមាសរហូតដល់ពីរគ្រឿង លើមុខវិជ្ជាគណិតវិទ្យា និងភាសាអង់គ្លេស។
សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ថា ៖ “តាមិនខ្វល់ថាចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេ តែតាពិតជាមានមោទនភាពតាំងពីជាងមួយខែមុនក្រោយបានទទួលដំណឹងថាចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ។ តាយាយញញឹមពេលចៅចេញដំណើរទៅ រីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។ ពេលនេះតាយាយកាន់តែមានមោទនភាពដោយទទួលបានដំណឹងថាចៅបានទទួលមេដាយមាសរហូតពីរគ្រឿងមួយគ្រឿងសម្រាប់គណិតវិទ្យានិងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស។
ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយតែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសាអង់គ្លេស ទាំងគណិតវិទ្យាថ្នាក់ទី១ ជាមួយសិស្សពីប្រទេសផ្សេងទៀត។ តាក៏មានមោទនភាពផងដែរចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃក្នុងថ្នាក់និងកំរិតខុសៗគ្នាដែលបង្ហាញថាចៅៗជាសិស្សពូកែរបស់កម្ពុជាទើបអាចចូលប្រឡងកំរិតសកលបាន។ ”
គួរបញ្ជាក់ថា កាលពីឧសភា កន្លងទៅថ្មីៗនេះ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ក៏ទទួលបានមេដាយមាស ពីការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤ សម្រាប់សិស្សថ្នាក់ទី១ផងដែរ។
អ្វីដែលកាន់តែអស្ចារ្យនោះគឺ កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទើបតែរៀនថ្នាក់មត្តេយ្យនៅឡើយ ប៉ុន្តែមានសមត្ថភាពប្រលងបានទទួលជ័យលាភី នូវវិញ្ញាសាសម្រាប់សិស្សថ្នាក់ទី១។ រិទ្ធិសិទ្ធិ ត្រូវបានអនុញ្ញាតអោយប្រលងវិញ្ញាសាថ្នាក់ទី១ ដោយសារតែធ្លាប់បានទទួលមេដាយមាស ៤ដង ក្នុងការប្រលងគណិតវិទ្យា ក្នុងកម្មវិធីប្រលងអន្តរជាតិ Caribou Contest ដែលជាកម្មវិធីប្រលងគណិតវិទ្យាថ្នាក់អន្តរជាតិតាមប្រព័ន្ធអនឡាញផងដែរ៕