ដំណឹងនៃការផ្លាស់ប្តូរអភិបាលខេត្តកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានអ្នកនាំពាក្យលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថា ជាពិធីប្រកាសប្ដូរអភិបាលខេត្តទ្រង់ទ្រាយធំមួយ ជាលើកទី២ បន្ទាប់ពីរអាណត្តិរដ្ឋមន្រ្តីសម្តេចក្រឡាហោម ស ខេង។
លោក រ៉េន រតនៈ អ្នកនាំពាក្យលោក ស សុខា បានលើកឡើងថា អាចសម្គាល់បានថានេះ ជាពិធីប្រកាសប្ដូរអភិបាលខេត្តទ្រង់ទ្រាយធំមួយ ជាលើកទី២ បើគិតត្រឹមពីឆ្នាំ២០២១ ដែលសម្ដេចក្រឡាហោម អញ្ជើញប្រកាសប្ដូរអភិបាលខេត្តជាបន្តបន្ទាប់ ដូចជា បាត់ដំបង កំពង់ធំ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ និងកំពត..។
ការដែលចេញមកកត់សម្គាល់ពីអ្នកនាំពាក្យរូបនេះ បន្ទាប់ពីមានការផ្លាស់ប្តូរអភិបាលខេត្ត ហើយត្រៀមប្រកាសជាផ្លូវការនាពេលដ៏ខ្លីខាងមុខចាប់ពីថ្ងៃទី១ ដល់ខែថ្ងៃទី៨ ខែកក្កដា ដោយចាប់ផ្តើមពីខេត្តកណ្តាល, តាកែវ, កំពង់ស្ពឺ, ព្រះសីហនុ, កំពង់ធំ,ឧត្តរមានជ័យ, ត្បូងឃ្មុំ និងស្ទឹងត្រែង។
យោងតាមព្រះរាជក្រឹត្យណដាច់ដោយឡែកពីគ្នានៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្ទេរ និងតែងតាំងអភិបាលខេត្តចំនួន៨រូប។
១៖ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តស្ទឹងត្រែង។
២៖ លោក វ៉ី សំណាង ត្រូវបានប្តូរពីខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តតាកែវ។
៣៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ត្រូវបានប្តូរទៅកាន់ខេត្តកំពង់ស្ពឺ។
៤៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តឧត្តរមានជ័យ។
៥៖ លោក គួច ចំរើន ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកណ្តាល។
៦៖ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះសីហនុ។
៧៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ធំ។
៨៖ លោក ប៉ែន កុសល្យ ត្រូវបានត្រាស់បង្គាប់ប្តូរពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តត្បូងឃ្មុំ។