មកទល់ពេលនេះតារាចម្រៀង ចំរើន សុភ័ក្រ្ត មានផ្ទៃពោះ ៨ ខែ ហើយ ប៉ុន្តែនាងមិនទាន់ឈប់សម្រាក ដើម្បីត្រៀមខ្លួនសម្រាលកូននៅឡើយទេ ផ្ទុយទៅវិញនាងនៅតែបន្តការងារនៅលើឆាតន្រ្តីដូចមុនដដែល មើលទៅនាងពិតជារឹងមាំណាស់ ។
តាមរយៈរូបភាពជាច្រើនដែលមហាជនបានឃើញនេះ គឺតារាចម្រៀង ចំរើន សុភ័ក្រ្ត កំពុងមានផ្ទៃពោះរយៈពេល ៨ ខែហើយ ទាំងមិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រជាច្រើនឆ្ងល់ថា កៀកថ្ងៃសម្រាលកូនហើយ តើហេតុអ្វីបានជា ចំរើន សុភ័ក្រ្ត ប្រឹងធ្វើការបែបនេះទៅវិញ ? តើនាងមិនខ្លាចប៉ះពាល់ដល់សុខភាពទារកនៅក្នុងផ្ទៃទេ ?
ទោះបីជាមានសំណួរជាច្រើនបានចោទសួរទៅតារាចម្រៀង ចំរើន សុភ័ក្រ្ត ក្តី ក៏នាងមិនចាប់អារម្មណ៍ដែរ នាងនៅតែធ្វើធម្មតា ហើយតបទៅវិញថា សុខភាពនាងនិងកូនក្នុងផ្ទៃគឺល្អធម្មតា នាងមិនចង់នៅផ្ទះទំនេរឥតប្រយោជន៍ឡើយ ធ្វើការងារបានទាំងលុយ បានទាំងអារម្មណ៍សប្បាយ មិនអផ្សុកដូចនៅផ្ទះ ។
ថ្វីដ្បិតតែនិយាយបែបនេះក្តី តារាចម្រៀង ចំរើន សុភ័ក្រ្ត ក៏បានអរគុណចំពោះអ្នករាល់គ្នាដែលបានបារម្ភពីសុខភាពនាងនិងកូនក្នុងផ្ទៃ នាងថា នាងទទួលការងារណាល្មមៗប៉ុណ្ណោះ ព្រោះកៀកថ្ងៃសម្រាលកូនហើយ ហើយនាងក៏មិនបានច្រៀងបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍រហូតធ្វើឱ្យប៉ះពាល់ កូនក្នុងផ្ទៃដែរ ។
ចំពោះរឿង ចំរើន សុភ័ក្រ្ត មានផ្ទៃពោះ ៨ ខែហើយនៅតែឡើងឆាកច្រៀងនេះ ធ្វើឱ្យស្វាមីរបស់នាង មានការព្រួយបារម្ភពីនាងជាខ្លាំង តែដើម្បីបំពេញបំណងភរិយា ស្វាមីនាងមិនបានហាមឃាត់ឡើយ គ្រាន់តែលោកមិនអនុញាតិឱ្យនាងទទួលការងារនៅឆ្ងាយៗ ឬការងារដែលយប់ជ្រៅពេកដែរ ។
ចំរើន សុភ័ក្រ្ត បាននិយាយទៅកាន់មិត្តភក្តិរបស់ខ្លួនលាយឡំជាមួយសំណើចថា នាងនឹងច្រៀងរហូតជិតដល់ថ្ងៃឈឺពោះសម្រាលកូន ទើបឈប់សម្រាក… ៕