ការប្តូរអភិបាលខេត្តមិនបានផ្អែកទៅលើខេត្តធំ ឬខេត្តតូចនោះទេ អ្វីដែលសំខាន់គឺស្ថិតនៅលើការដឹកនាំឆ្ពោះទៅរកការអភិវឌ្ឍន៍ ព្រោះអភិបាលខេត្តមានឋានៈ តួនាទី និងការទទួលខុសត្រូវដូចគ្នា។ នេះបើប្រសាសន៍របស់សម្ដេច ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តពោធិ៍សាត់ថ្មី កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដែល Karpit News សូមរំលឹកឡើងវិញ ស្របពេលដែលរាជរដ្ឋាភិបាល នៅពាក់កណ្តាលឆ្នាំ២០២៤នេះ បានផ្លាស់ប្ដូរនិងតែងតាំងអភិបាលខេត្តចំនួន០៨រូប។
សម្តេច ស ខេង មានប្រសាសន៍ថា គោលការណ៍ដែលបានចែងនៅក្នុងច្បាប់ ពុំមានបែងចែកខេត្តធំឬខេត្តតូចនោះទេ បើទោះបីខេត្តប៉ៃលិន ខេត្តកែប ខេត្តកោះកុង ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ឬខេត្តមណ្ឌលគិរីដែលមានតែមួយអាសនៈ ក៏ដោយ ប៉ុន្តែអភិបាលខេត្តនីមួយៗមានឋានៈ តួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវដូចគ្នា។
សម្តេចបានបន្តថា ដូច្នេះអភិបាលខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវធ្វើយ៉ាងណាឱ្យមានការអភិវឌ្ឍន៍ និងរីកចម្រើន ក្នុងនោះខេត្តត្រូវផ្តល់សេវាសារធារណៈ ការបំរើប្រជាពលរដ្ឋ ព្រមទាំងការទទួលខុសត្រូវធ្វើគណនេយ្យភាពជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋឱ្យបានល្អ ដែលនោះទើបជាចំណុចគន្លឹះស្នូលដ៏សំខាន់។
គួរជម្រាបថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន ០៨រូប តបទៅតាមសំណើរបស់រាជរដ្ឋាភិបាល។
យោងតាមព្រះរាជក្រឹត្យ, អតីតអភិបាលខេត្ត ៤ រូប ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ រួមមាន ១. ឯកឧត្ដម គង់ សោភ័ណ អតីតខេត្តកណ្ដាល ២. ឯកឧត្ដម អ៊ូច ភា អតីតខេត្តតាកែវ ៣. ឯកឧត្ដម ស្វាយ សំអ៊ាង អតីតខេត្តស្ទឹងត្រែង និង៤. ឯកឧត្ដម ងួន រតនៈ អតីតខេត្តកំពង់ធំ។ ទន្ទឹមនេះ ព្រះរាជក្រឹត្យបានសម្រេចផ្ទេរមុខតំណែងជាអភិបាលខេត្តរួមមាន៖ ឯកឧត្ដម គួច ចំរើន ពីអភិបាលខេត្តព្រះសីហនុមកជាអភិបាលខេត្តកណ្ដាល, ឯកឧត្ដម វ៉ី សំណាង ពីអភិបាលខេត្តកំពង់ស្ពឺមកជាអភិបាលខេត្តតាកែវ, ឯកឧត្ដម ជាម ច័ន្ទសោភ័ណ ពីអភិបាលខេត្តត្បូងឃ្មុំមកជាអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្ដម ប៉ែន កុសល្យ ត្រូវបានប្តូរពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តត្បូងឃ្មុំវិញ។
ក្នុងព្រះរាជក្រឹត្យក៏បានបង្កាប់តែងតាំង ឯកឧត្ដម ម៉ាង ស៊ីណេត ពីអភិបាលរងខេត្តព្រះសីហនុ មកជាអភិបាលខេត្តព្រះសីហនុ, ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ជាអភិបាលខេត្តឧត្ដរមានជ័យ, ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាអភិបាលខេត្តកំពង់ធំ និងឯកឧត្ដម សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ឡើងជាអភិបាលខេត្តស្ទឹងត្រែង៕
អត្ថបទ៖ អក្ខរា