មន្រ្តីការទូតតែងតាំងថ្មី ត្រូវជម្រុញទំនាក់ទំនងល្អរវាងកម្ពុជា ជាមួយប្រទេសដទៃទៀត

វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំពិធីបើកវគ្គ “តម្រង់ទិស” សម្រាប់លេខាធិការ និងកុងស៊ុល ចំនួន៣២រូប នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទើបនឹងទទួលបានការតែងតាំងឲ្យទៅបំពេញបេសកកម្មការទូតនៅបរទេស នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

ពិធីនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមានការចូលរួមពីឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ។

ថ្លែងនៅក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធសាកលលោកបានបន្តវិវត្តន៍ពីប្រព័ន្ធឯកប៉ូល ទៅកាន់ពហុប៉ូល។ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការវិវត្តន៍នេះ បាននាំមកនូវការផ្លាស់ប្តូរនៃទំនាក់ទំនងអន្តរជាតិយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់ ទាំងសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ទាំងសម្រាប់ពិភពលោក។

ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរដល់មន្រ្តីដែលបានតែងតាំងថ្មី ហើយបានអំពាវនាវដល់មន្រ្តីការទូតទាំងអស់ឲ្យបំពេញការងារដោយស្វាហាប់ សម្រាប់ផលប្រយោជន៍ប្រទេសជាតិ ដោយតាមដានសភាពការណ៍នយោបាយនិងសេដ្ឋកិច្ចនៅក្នុងតំបន់ និងប្រទេសដែលខ្លួនឈរជើងឲ្យបានជាប្រចាំ និងរាយការណ៍ជូនថ្នាក់ដឹកនាំ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានរម្លឹកដល់មន្រ្តីតែងតាំងថ្មីថា តួនាទីរបស់គាត់ គឺការជម្រុញទំនាក់ទំនងល្អ រវាងកម្ពុជា ជាមួយប្រទេសដទៃទៀត៕