សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គុណភាពនៃការអប់រំបណ្តុះបណ្តាល គឺជាកត្តាគន្លឹះនៃគុណភាពធនធានមនុស្ស ដូចនេះគុណភាពនៃការបណ្តុះបណ្តាលគឺជាកត្តាគន្លឹះមួយសំខាន់សម្រាប់ការធានាបានការប្រកួតប្រជែង និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង។ ការគូសបញ្ជាក់របស់សម្តេចធិបតីដូចនេះបានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «អញ្ជើញសម្ពោធបណ្តាញសាកលវិទ្យាល័យ សាយប័រ ដែលប្រារព្ធនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា» នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ “គុណភាពនៃធនធានមនុស្សគឺជាកត្តាកំណត់នៃគុណភាព និងសមត្ថភាពរបស់ប្រទេសរបស់យើងក្នុងការអភិវឌ្ឍប្រកួតប្រជែងដោយចីរភាព ដូចគ្នានេះ គុណភាពនៃការអប់រំបណ្តុះបណ្តាលគឺជាកត្តាគន្លឹះនៃគុណភាពនៃធនធានមនុស្ស ដូច្នេះយើងអាចនិយាយបានថា គុណភាពនៃការបណ្តុះបណ្តាលគឺជាកត្តាគន្លឹះមួយសំខាន់សម្រាប់ការធានានូវការប្រកួតប្រជែង និងការអភិវឌ្ឍរបស់ប្រទេសជាតិយើង។”
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា អ្វីដែលសំខាន់គឺត្រូវធ្វើយ៉ាងណា ត្រូវពង្រីកវិសាលភាពការអប់រំផ្តល់ឳកាសឲ្យនិស្សិតនៅទូទាំងប្រទេសមានលទ្ធភាពទទួលបានគុណភាពនៃការអប់រំ ព្រោះគុណភាពនៃការអប់រំ ជាកំណត់គុណភាពធនធានមនុស្ស និងការអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា ដើម្បីកំណត់គុណភាពនៃការអប់រំបណ្តុះបណ្តាលបានយើងត្រូវមានចំណុចសំខាន់ ៤៖ ទី១-គុណភាព និងគុណវុឌ្ឍិនៃសាស្រ្តាចារ្យ ឬគ្រូបង្រៀន ទី២-កម្មវិធីសិក្សា និងមេរៀន ទី៣-ឧបករណ៍សម្ភារៈ ឬមធ្យោបាយក្នុងការបង្រៀន និងទី៤-វិធីសាស្រ្តបង្រៀន៕